
សារព័ត៌មាន Times of Israel បានរាយការណ៍ថា រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយម លោក ប៊េហ្សាឡែល ស្មូទ្រីច ((Bezalel Smotrich) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនឹងពន្លឿនផែនការសម្រាប់ការសាងសង់ការតាំងទីលំនៅថ្មីនៅតំបន់វេសបែង (West Bank) បន្ទាប់ពីការវាយប្រហារនៅជិតក្រុងហ្ស៊េរុយសាឡឹម កាលពីព្រឹកមិញនេះ។
កាសែត The Times បានឲ្យដឹងទៀតថា គណៈកម្មាធិការដែលទទួលខុសត្រូវលើការអនុញ្ញាតឲ្យសាងសង់ផ្ទះតាំងលំនៅ នឹងជួបប្រជុំគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់គោលបំណងនេះ។
សារព័ត៌មាននេះ បានបន្តថា ការសម្រេចចិត្ត ជំរុញផែនការសម្រាប់លំនៅដ្ឋានថ្មីជាង ៣.000 ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំដែលលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ ស្មូទី្រច បានធ្វើឡើងជាមួយលោកនាយករដ្ឋ មន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) រដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ លោក រ៉ុនឌឺមឺ (Ron Dermer)។
លោកស្មូទ្រីច បានបញ្ជាក់ថា វិធានការនេះ គឺដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារនៅលើផ្លូវហាយវេមួយនៅជិតក្រុងហ្ស៊េរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឲ្យជនជាតិអ៊ីស្រាអែលម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស។
នគរបាល បាននិយាយថា អ្នកវាយប្រហារបីនាក់ ត្រូវបានបាញ់សម្លាប់ នៅកន្លែងកើតហេតុនៃការវាយប្រហារនៅលើផ្លូវហាយវេមួយ នៅជិតក្រុងហ្ស៊េរុយសាឡឹម។ យោងតាមសេវាចារកម្មក្នុងស្រុករបស់អ៊ីស្រាអែល Shin Bet ជនល្មើសទាំងនេះ គឺជាជនជាតិប៉ាឡេស្ទីនបីនាក់មកពីទីក្រុង Bethlehem នៅតំបន់វេសបែង។