
នគរបាល និយាយថា វីដេអូដែលបានចេញផ្សាយ នៅថ្ងៃសុក្រនេះ បានបង្ហាញពីគ្រោះថ្នាក់រថយន្តជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នា នៅលើផ្លូវល្បឿនលឿនលាតសន្ធឹងដោយទឹកកកព្រិល នៅទីក្រុងស៊ូចូវ( Suzhou) ភាគខាងកើតប្រទេសចិន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៩នាក់ រងរបួស។
នៅក្នុងវីដេអូ រថយន្តជាច្រើនគ្រឿង ត្រូវបានគេមើលឃើញបុកបន្តកន្ទុយគរលើគ្នានៅលើផ្លូវហាយវ៉េ ដោយមានរថយន្តដឹកទូរទំនិញមួយគ្រឿងដាច់ចេញពីគ្នា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការបុកគរលើគ្នារួមមានរថយន្តជាង១០០គ្រឿង។ នគរបាល និយាយថា មនុស្ស៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមនុស្ស៦នាក់ផ្សេងទៀតរងរបួសស្រាល ហើយមូលហេតុនៃឧបទ្ទវហេតុ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
សារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ពីទីតាំងនៃវីដេអូ ពីអគារដែលនៅក្បែរនោះ ស្លាកសញ្ញា និងបង្គោលអគ្គិសនី ដែលត្រូវគ្នាទៅនឹងរូបភាពផ្កាយរណប និងទិដ្ឋភាពនៅតាមដងផ្លូវ ។