
នៅថ្ងៃសុក្រនេះ មន្រ្តីនគរបាលក្រុងស៊ីដនីម្នាក់ បានរងការចោទប្រកាន់ពីបទធ្វើឃាតបុរសវ័យក្មេង ២នាក់ ដែលជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នា និងបានបាត់ខ្លួនអស់រយៈពេលជិត ១សប្តាហ៍មកហើយ ហើយសាកសពរបស់ពួកគេនៅពុំទាន់រកឃើញនៅឡើយទេ ។
មន្រ្តីនគរបាលវ័យ ២៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ ក្រោយដើរចូលស្ថានីយ៍នគរបាល នៅតំបន់ជាយក្រុងជាប់មាត់ឆ្នេរ Bondi ។
ក្រុមនគរបាល ចោទប្រកាន់ថា គាត់បានសម្លាប់លោក Luke Davies វ័យ ២៩ឆ្នាំ និងលោក Jesse Baird វ័យ ២៣ឆ្នាំ គឺជាអ្នកដែលគាត់ធ្លាប់មានទំនាក់ទំនងស្រលាញ់ភេទដូចគ្នាអស់រយៈពេលជាច្រើនខែមកហើយ មុនពេលជួលរថយន្តពណ៌ស. កាលពីល្ងាចថ្ងៃចន្ទ ទី ១៩ ខែកុម្ភៈ ដើម្បីប្លង់សាកសពចោល ។
យោងតាមគណនីព័ត៌មានសង្គមរបស់ពួកគេបានឲ្យដឹងថា លោក Baird គឺជាអតីតពិធីករទូរទស្សន៍នៅស្ថានីយ៍ Network 10 និងដៃគូ Davies គឺជាអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas ។
ក្រុមនគរបាល បានធ្វើដំណើរទៅកាន់កន្លែងប្រព្រឹត្តបទឧក្រិដ្ឋនៅផ្ទះរបស់លោក Baird ស្ថិតនៅតំបន់ជាយក្រុង Paddington ជាទីដែលពួកគេរកឃើញគ្រាប់កាំភ្លើង ១គ្រាប់ និងឈាមប្រឡាក់ពាសពេញឥដ្ឋ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនគរបាលនៅមិនទាន់ប្រាកដនោះទេថាតើ បុរសទាំង ២នាក់ ត្រូវបានសម្លាប់ដោយការបាញ់ប្រហារ ឬក៏មធ្យោបាយផ្សេងទៀត ៕