
ប្រទេសចិនបានប្រតិកម្មតបយ៉ាងម៉ឺងម៉ាត់ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ដោយទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់រាល់ទំនាក់ទំនងផ្លូវការណាមួយជាមួយកោះស្វ័យគ្រប់គ្រងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា «ប្រទេសចិនប្រឆាំងរាល់ទម្រង់នៃអន្តរកម្មផ្លូវការណាមួយ រវាងអាជ្ញាធរសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយបដិសេធការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការរបស់កោះតៃវ៉ាន់ ទោះក្នុងទម្រង់បែបណា ឬក្រោមលេសអ្វីក៏ដោយ»។ លោកស្រីបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនគិតដល់ភាពស្មុគស្មាញ និងភាពរសើបខ្លាំងបំផុតនៃបញ្ហាកោះតៃវ៉ាន់។
នេះជាការលើកឡើងភ្លាមៗរបស់លោកស្រី Mao បន្ទាប់ពីប្រធាននៃគណៈកម្មាធិការជ្រើសរើសសភាអាមេរិកទទួលបន្ទុកកិច្ចការបក្សកុម្មុយនីស្តចិន បានជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចដ៏លេចធ្លោមួយ ក្នុងគោលបំណងបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះនេះ។
តែទោះជាយ៉ាងណាក្ដី ដំណើរទស្សនកិច្ចនេះទំនងជាមិនបង្កឲ្យមានសកម្មភាពយោធាធំៗ ដូចទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi កាលពីរដូវក្តៅឆ្នាំ២០២២ នោះឡើយ។ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងប្រឹងប្រែងធ្វើឲ្យមានស្ថិរភាពដល់ទំនាក់ទំនងដែលមានបញ្ហារបស់ពួកគេ បន្ទាប់ពីមានកិច្ចប្រជុំ កាលពីខែវិច្ឆិកា រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping៕