
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo បានប្រាប់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើគោលដៅចំនួនជាង ៥០០ នៅថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) នេះ ដើម្បីជាការបង្ហាញសកម្មភាពនៃការចូលរួមខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Adeyemo បាននិយាយថា សកម្មភាព ឬវិធានការដែលត្រូវបានធ្វើឡើងក្នុងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងទៀតនោះ នឹងផ្តោតលើមជ្ឈមណ្ឌលឧស្សាហកម្មយោធា និងក្រុមហ៊ុនរបស់រុស្ស៊ី នៅក្នុងប្រទេសទី៣ ដែលជួយសម្រួលដល់លទ្ធភាពប្រើប្រាស់ទំនិញដែលរុស្ស៊ីចង់បាន ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកឲ្យរុស្ស៊ីទទួលខុសត្រូវលើសង្គ្រាម និងការស្លាប់របស់មេដឹកនាំប្រឆាំងលោក Alexei Navalny។
ក្នុងបទសម្ភាសន៍នោះ លោក Adeyemo បាននិយាយថា៖ «ថ្ងៃស្អែក (ទី២៣ កុម្ភៈ) យើងនឹងបញ្ចេញទណ្ឌកម្មរាប់រយ ត្រឹមតែនៅទីនេះក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាជារឿងសំខាន់ដែលត្រូវពិចារណាឲ្យបានល្អិតល្អន់ និងចងចាំថា មិនមែនតែសហរដ្ឋអាមេរិកម្នាក់ឯងនោះទេ ដែលត្រូវចាត់វិធានការទាំងនេះ»។
គួរបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មនេះនឹងជាទណ្ឌកម្មរាប់ពាន់ចុងក្រោយបង្អស់សំដៅលើទីក្រុងមូស្គូ ដែលបានប្រកាសដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី នៅឆ្នាំ២០២២ លើអ៊ុយក្រែន ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបំផ្លាញទីក្រុងជាច្រើន៕