
សាក្សីប៉ាឡេស្ទីន និងប្រភពសុខាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកលពលតូចនៅទីក្រុងជេនីន លោក Yasser Hanoun ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវចំរថយន្តរបស់លោកនៅក្នុងជំរុំជនភៀសខ្លួនជេនីន( Jenin ក្នុងតំបន់វេសបែង។
ក្រុមសាក្សី បានប្រាប់សារព័ត៌មានស៊ីហួថា យន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្តដែលកំពុងដឹកលោក Hanoun នៅតាមដងផ្លូវក្នុងជំរុំជេនីន ដោយបំផ្លាញរថយន្ត និងដុតវាចោល។ ការវាយប្រហារនេះ ក៏បានបណ្តាលឲ្យមនុស្ស ១៥នាក់ផ្សេងទៀត រងរបួសផងដែរ។
ប្រភពសុខាភិបាល បាននិយាយថា សាកសពរបស់លោកHanoun ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋនៅទីក្រុងជេនីន ខណៈដែលអ្នករបួស ៤នាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់បន្ទប់វះកាត់។ ប្រភពដដែល បានឲ្យដឹងទៀតថា ជនជាតិប៉ាឡេស្ទីនដែលរងរបួសមួយចំនួនផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ibn Sina ក្នុងទីក្រុងនេះ ក្នុងនោះមានមនុស្ស៤នាក់ ស្ថិតក្នុងស្ថានភាពថេរ ២នាក់ របួសមធ្យម និងម្នាក់ទៀត របួសធ្ងន់។
ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់វេសបែង កាន់តែតានតឹងឡើង បន្ទាប់ពីអ៊ីស្រាអែលបើកការវាយលុកយោធារបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលាឆ្នាំមុន។