
ដោយដកស្រង់សម្តីរបស់មន្ត្រីប៉ាគីស្ថាន សារព័ត៌មាន Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) បានរាយការណ៍ថា ប្រទេសប៉ាគីស្ថានគ្រោងនឹងស្វែងរកប្រាក់កម្ចីថ្មីយ៉ាងហោចណាស់ ៦ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីយកមកជួយរដ្ឋាភិបាលថ្មីសងបំណុលរាប់ពាន់លានដែលនឹងត្រូវបង់នៅឆ្នាំនេះ។
របាយការណ៍នេះបានឲ្យដឹងថា ប្រទេសនេះនឹងស្វែងរកការចរចាពីឱកាសផ្តល់មូលនិធិបន្ថែមជាមួយ IMF ដោយបន្ថែមថា កិច្ចពិភាក្សាជាមួយស្ថាប័នផ្តល់ប្រាក់កម្ចីសកលនេះ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅក្នុងខែមីនា ឬខែមេសា។
ប៉ាគីស្ថានបានរួចផុតពីការខកខានសងបំណុល កាលពីរដូវក្តៅមុន ដោយសារថវិកាសង្គ្រោះរយៈពេលខ្លីរបស់ IMF ប៉ុន្តែកម្មវិធីនឹងផុតកំណត់នៅខែក្រោយ ហើយរដ្ឋាភិបាលថ្មីនឹងត្រូវចរចារអំពីការរៀបចំរយៈពេលវែង ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចចំនួន ៣៥០ពាន់លានដុល្លារ។
នៅមុនមានថវិកាសង្គ្រោះ ប្រទេសអាស៊ីខាងត្បូងត្រូវអនុវត្តវិធានការមួយចំនួនដែលទាមទារដោយ IMF ក្នុងនោះរួមទាំងការកែប្រែថវិកា ការដំឡើងអត្រាការប្រាក់គោល ហើយនិងការដំឡើងថ្លៃអគ្គិសនី និងឧស្ម័នធម្មជាតិ។
អ្នកនាំពាក្យរបស់មូលនិធិនេះបាននិយាយថា មន្ត្រី IMF ត្រូវបន្តកិច្ចសន្ទនាជាមួយអាជ្ញាធរ ជុំវិញកិច្ចប្រឹងប្រែងកំណែទម្រង់ចាំបាច់រយៈពេលវែង ដោយបន្ថែមថា មូលនិធិនេះអាចទទួលបាន ប្រសិនបើមានការស្នើសុំ ក្នុងការជួយគាំទ្រដល់រដ្ឋាភិបាលក្រោយការបោះឆ្នោត តាមរយៈការរៀបចំថ្មីមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងបន្តមានរបស់ប្រទេសប៉ាគីស្ថាន។
យ៉ាងណាក្ដី រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចាំផ្ទះមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីឲ្យធ្វើការអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មាន Bloomberg នេះ៕