
ការប្រជែងគ្នារបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងអតីតឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ នឹងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ South Carolina នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) ដែលនៅទីនោះរដ្ឋភាគខាងត្បូងមួយនេះរៀបចំការប្រកួតប្រជែងយកប្រជាប្រិយភាពដ៏ធំទី៣ របស់គណបក្សនៃរដូវកាលបោះឆ្នោតបថមនេះ។
ដោយនិយាយនៅមុនការបោះឆ្នោតនេះកើតឡើង លោក Kirk Randazzo សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរបស់រដ្ឋ South Carolina ព្យាករថា លោក Trump នឹង «ឈ្នះយ៉ាងងាយស្រួល» នាថ្ងៃសៅរ៍ស្អែកនេះ ប៉ុន្តែរំពឹងថា ក្រសែភ្នែកទាំងអស់នឹងសម្លឹងឆ្ពោះទៅលើកម្រិតសំឡេងគាំទ្រនៃជ័យជម្នះរបស់លោក។
លោក Randazzo បាននិយាយថា៖ «សំណួរសម្រាប់លោកស្រី (លោកស្រី Haley) គឺថា តើលោកស្រីអាចរក្សាឲ្យគម្លាតស្ថិតក្នុងរង្វង់ ១០ពិន្ទុ ឬប្រហែលជា ១៥ពិន្ទុ ឬបើមិនដូច្នោះទេ លោក Donald Trump ឈ្នះ ២០ពិន្ទុបូកបន្ថែម? ប្រសិនបើលោកស្រីអាចរក្សាឲ្យលទ្ធផលកៀកកិតគ្នាបាននោះ ខ្ញុំគិតថា វានឹងផ្តល់សន្ទុះគ្រប់គ្រាន់ដល់លោកស្រីក្នុងការរក្សាឱកាស ដែលនឹងនាំលោកស្រីទៅកាន់ការបោះឆ្នោតដ៏ធំនៅថ្ងៃអង្គារ (Super Tuesday)»។
សម្រាប់លោកស្រី Haley ដែលកើតនៅរដ្ឋ South Carolina និងបានបម្រើការជាអភិបាលរដ្ឋនេះ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ នោះ ការចាញ់នៅក្នុងរដ្ឋកំណើតរបស់ខ្លួន នឹងផ្តល់ផលប៉ះពាល់ដ៏ធំដែលមានរួចហើយចំពោះលោកស្រី បន្ទាប់ពីលោក Trump បានយកឈ្នះការប្រកួតប្រជែងនៅរដ្ឋ Iowa និង New Hampshire។ តែលោកស្រីបានប្តេជ្ញាថា នឹងបន្តការប្រកួតប្រជែង ដោយមិនគិតពីលទ្ធផលនៅថ្ងៃសៅរ៍នោះឡើយ៕