
ការព្រមានថ្មីៗពីការជម្លៀសខ្លួនមនុស្ស ត្រូវបានចេញនៅថ្ងៃសុក្រនេះ សម្រាប់ទីក្រុងជនបទរាប់សិបកន្លែងរបស់អូស្រ្តាលី ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១ពាន់នាក់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋ Victoria ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់បសុសត្វ ហើយនិងគំរាមកំហែងរីករាលដាល់ពេញទីក្រុង ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មនុស្សជាង ២ពាន់នាក់ បានជម្លៀសខ្លួនចេញពីទីក្រុងជាច្រើននៅតំបន់ភាគខាងលិចរដ្ឋ Victoria ក្រោយបទបញ្ជាឲ្យជម្លៀសខ្លួនបន្ទាន់ ត្រូវបានចេញ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ គាំទ្រដោយយន្តហោះពន្លត់អគ្គិភ័យជាង ៥០គ្រឿង កំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅថ្ងៃសុក្រនេះ ។
ដោយឡែក ខ្យល់បក់ខ្លាំងជាងការរំពឹងទុក កំពុងធ្វើឲ្យភ្លើងឆេះព្រៃឆាបឆេះកាន់តែខ្លាំង និងឆាប់រហ័ស ហើយខិតកាន់តែជិតទីក្រុងនានា ខណៈក្រុមការងារសង្រ្គោះបន្ទាន់ ជំរុញឲ្យអ្នកស្រុក ស្វែងរកជម្រកក្នុងផ្ទះ បើសិនជាពួកគេពុំអាចចាកចេញបានទេនោះ ។
មុខខ្យល់ត្រជាក់នៅជិតតំបន់ឆ្នេរភាគខាងត្បូងអូស្រ្តាលី បានធ្វើដំណើរពេញមួយយប់ទៅកាន់តំបន់ជាច្រើន និងតំបន់ភាគខាងកើតនៃមុខភ្លើងឆេះព្រៃ ជាហេតុធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ ប៉ុន្តែខ្យល់បក់ខ្លាំងនៅតែបោកបក់លើភ្លើងឆេះព្រៃដដែល ៕