
ក្រុមមន្ត្រី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីនគរបាលប្រទេសកូឡំប៊ី៤នាក់ បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់នៅទីក្រុង Caramanta។
ស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ វីលៀម រ៉េណេ សាឡាមម៉ានកា (William Rene Salamanca) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីការពារជាតិ លោក អ៊ីវ៉ាន វ៉េឡាសស្គីស( Ivan Velasquez)ថា ឧទ្ធម្ភាគចក្រ បានធ្លាក់ទៅលើផ្លូវមួយកន្លែង នៅពេលដែលឧទ្ធម្ភាគចក្រនេះ បានបាត់ចេញពីប្រព័ន្ធរ៉ាដា។
លោក Salamanca បាននិយាយថាអាជ្ញាធរ នឹងស៊ើបអង្កេតមូលហេតុពិតប្រាកដ នៃឧបទ្ទវហេតុ។ បន្ទាប់ពីបានដឹងពីការស្លាប់ របស់មន្ត្រីនគរបាល ប្រធានាធិបតី លោក ហ្គាស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បានសម្តែងការសោកស្តាយចំពោះសោកនាដកម្មនេះ និងចូលរួមរំលែកទុកជាមួយក្រុមគ្រួសាររបស់ពួកគេ។ លោក ប្រធានាធិបតី បាននិយាយតាមបណ្តាញសង្គមថា សូមរំលែកទុក្ខអស់ពីចិត្ត ចំពោះក្រុមគ្រួសារមន្ត្រីនគរបាលទាំង៤រូប ដែលបានបម្រើការ ធ្វើឲ្យប្រទេសកាន់តែមានភាពរីកចម្រើន។