
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ដោយបានជួបជាមួយសមភាគីអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian ) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារ។
មន្ត្រីរបស់អង្គការណាតូ និងបណ្តាប្រទេសសហភាពអឺរ៉ុប កម្រនឹងទៅទស្សនកិច្ចប្រទេសអ៊ីរ៉ង់ ដោយសារប្រទេសនេះ នៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានទណ្ឌកម្មខ្លាំងបំផុតក្នុងពិភពលោក ដោយសារកំណត់ត្រាសិទ្ធិមនុស្ស កម្មវិធីនុយក្លេអ៊ែរ និងការគាំទ្រដល់ក្រុមភេរវករ និងសកម្មប្រយុទ្ធ នៅបរទេស។
ទីក្រុងតេអេរ៉ង់ បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់សង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន រួមទាំងយានដ្រូនអត្តឃាត Shahed និងមីស៊ីលផងដែរ។ ម្យ៉ាងវិញទៀត ទីក្រុងប៊ុយដាប៉ែស ក៏រក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសរុស្ស៊ី ហើយជារឿយៗប្រឆាំងនឹងរណសិរ្សលោករួបរួមខាងលិចលើបញ្ហាគោលនយោបាយការបរទេស។
លោក Szijjarto បាននិយាយនៅលើគេហទំព័រហ្វេសប៊ុកថា៖«កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងហុងគ្រី ដែលបានចុះហត្ថលេខានៅថ្ងៃនេះ និងចូលជាធរមាន ផ្តល់នូវឱកាសពាណិជ្ជកម្មបន្ថែមក្នុងវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារ»។
«កិច្ចព្រមព្រៀងនេះ បើកលទ្ធភាពនៃការចូលកាន់តែសកម្មទៅក្នុងទីផ្សារអ៊ីរ៉ង់សម្រាប់បច្ចេកវិទ្យាកសិកម្មហុងគ្រីមានគុណភាពខ្ពស់ និងផលិតផលឧស្សាហកម្មម្ហូបអាហារ»។