ភ្នំពេញ ៖ វិទ្យាស្ថានខេមអេដ បង្កើតព្រឹត្តិការណ៍ជួបជុំថ្នាក់អនុបណ្ឌិតលើកទី២ ដើម្បីអបអរសាទរចំពោះស្នាដៃឆ្នើម និស្សិតដែលសិក្សាកន្លង មក ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនង និងការចែករំលែក និងគុណវុឌ្ឍិល្អៗ ទាក់ទងនិងតម្រូវក្រុមហ៊ុន ដែលជាឱកាសចាប់យកការងារ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម។
វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី ជួបជុំសិស្ស-និស្សិត ថ្នាក់អនុបណ្ឌិតលើកទី២ ដែលផ្តល់ឱកាសឲ្យនិស្សិតមកពីគ្រប់ឆមាសបានចូលរួមដោយផ្ទាល់ និងក៏មានតំណាង មកពីបណ្ដាក្រុមហ៊ុនផ្សេងៗ ក្នុងគោលដៅបង្កើតភាពស្និតស្នាល ការផ្សារភ្ជាប់ទំនាក់ទំនង និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ប្រកបដោយផ្លែផ្កា និងភាពសប្បាយរីករាយ។
ក្នុងកិច្ចចាប់ផ្ដើម លោក ខេស៊ី បាណេត នាយកសាលាវិទ្យាស្ថានខេមអេដ បានថ្លែងលើកឡើងអំពីសារៈសំខាន់នៃការសិក្សា ព្រោះការសិក្សាគឺជាមូលគ្រឹះដ៏សំខាន់ ក្នុងការបង្កើតធនធានមនុស្សប្រកបដោយសក្តានុពល។ ជាក់ស្តែងការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុប្រកបដោយស្តង់ដារ កម្ពុជាពិតជាមានតម្រូវការចាំបាច់ ដើម្បីចូលរួមក្នុងវិស័យការងារ ទាំងវិស័យរដ្ឋ និងឯកជន ជាពិសេសក្នុងវិស័យឯកជន ខណៈក្នុងមួយឆ្នាំៗកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីជាច្រើន ដែលតាមរយៈការចូលរួមការងារនេះ គឺ ជាលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនផង និងការចូលរួមជាមួយសង្គមផងដែរ។
ជុំវិញការសិក្សាលើមុខជំនាញនេះដែរ, លោក ខេស៊ី បាណេត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំយកចិត្តទុកលើការ សិក្សារៀនសូត្រ ដើម្បីឈានទៅប្រឡងជាប់ជ័យលាភីលេខ១ សម្រាប់ការប្រឡងអន្តរជាតិ ACCA និង CAT ក្នុងនោះប្រសិនប្រឡង ជាប់ និស្សិតនឹងទទួលបានការធ្វើដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស នៅក្រោមការឧបត្ថម្ភពីវិទ្យាស្ថាខេមអេដផ្ទាល់។
ក្នុងពិធីជួបជុំនេះដែរ សម្រាប់អតីតនិស្សិតចេញពីខេមអេដ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន សវនកម្មអន្តរជាតិ BDO Cambodia និងប្រធានផ្នែកហិរញ្ញវត្ថុមកពីក្រុមហ៊ុន HEINEKEN Cambodia ក៏បានចែករំលែកនូវគុណវុឌ្ឍិល្អៗ ដែលជាតម្រូវ ការរបស់ក្រុមហ៊ុន ក្នុងនោះពួកគាត់បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ឲ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីឈានទៅបញ្ចប់ការសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ និង ACCA ប្រកបដោយជោគជ័យ ដើម្បីចាប់យកនូវការងារ ដែលជាក្ដីស្រមៃ ក្នុងជំនាញគណនេយ្យ និង ហិរញ្ញវត្ថុនេះ។
សូមបញ្ជាក់ថា សម្រាប់អតីតនិស្សិតចេញពីវិទ្យាស្ថានខេមអេដ ភាគច្រើនទទួលបានមុខតំណែងនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាព ដូចជា៖ ក្រុមហ៊ុនសវនកម្មអន្តរជាតិ Deloitte, KPMG, Ernst & Young, PwC, BDO, Grant Thornton និង Baker Tilly ដែលធ្វើឱ្យ សាលាមានកេរ្តិ៍ឈ្មោះល្បីល្បាយ និងជាប្រភពនៃទេពកោសល្យដែលក្រុមហ៊ុនអាចទុកចិត្តបាន៕
អត្ថបទ៖ សុន រ៉ាឌី











