
កុមារនៅតាមតំបន់សហគមន៍ជនជាតិដើមភាគតិចដាច់ស្រយាលនៅរដ្ឋ Amazonas ប្រទេសប្រេស៊ីល ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ពេលដែលប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ប្រឈមនឹងករណីឆ្លងជំងឺគ្រុនឈាមកើនឡើង ។
ក្រុមការងារសុខភាព បានដឹកជញ្ជូនវ៉ាក់សាំងតាមទូកទៅកាន់តំបន់សហគមន៍ដាច់ស្រយាលជាច្រើននៅរដ្ឋ Amazonas ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម បានចាប់ផ្តើមសម្រាប់កុមារ និងយុវជនដែលមានអាយុចន្លោះពី ១០ឆ្នាំ ដល់ ១៤ឆ្នាំ នៅទីកន្លែលដែលអត្រាឆ្លងជំងឺបណ្តាលមកពីមូសខាំមួយនេះខ្ពស់បំផុត ត្រូវបានរកឃើញ ។
គួរឲ្យដឹងថា ប្រេស៊ីល បានទិញវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម Qdenga ចំនួន ៥,២លានដូស ដែលផលិតឡើងដោយក្រុមហ៊ុនថ្នាំពេទ្យជប៉ុន Takeda's 4502.T ក្នុងនោះវ៉ាក់សាំង ១,៣២លានដូសបន្ថែមទៀត បានផ្តល់ជូនដល់រដ្ឋាភិបាលប្រេស៊ីលដោយឥតគិតថ្លៃ ។
យោងតាមរបាយការណ៍ចុងក្រោយពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ ប្រេស៊ីល បានរាយការណ៍ករណីឆ្លងជំងឺគ្រុនឈាមចំនួន ៧១៥.០០០នាក់ និងមនុស្ស ១៣៥នាក់ បានស្លាប់នៅទូទាំងប្រទេស ដោយសារជំងឺមួយនេះ ៕