
ភាពតានតឹងបច្ចុប្បន្នដែលប៉ះពាល់ដល់ផ្លូវដឹកជញ្ជូននៅក្នុងសមុទ្រក្រហម បានកាត់បន្ថយការដឹកជញ្ជូនឆ្លងកាត់ព្រែកជីក Suez ចំនួន ៤២ភាគរយពីកម្រិតដឹកជញ្ជូនខ្ពស់បំផុត កាលពីមុន។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ)។
ជាមួយគ្នានេះ របាយការណ៍នោះបានឲ្យដឹងទៀតថា កម្រិតទឹកស្រកចុះនៅក្នុងព្រែកជីក Panama ដែលជាសរសៃឈាមដ៏សំខាន់តភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ក៏បាននាំឲ្យមានការកម្រិតការឆ្លងកាត់យ៉ាងខ្លាំងក្លាផងដែរ ពោលគឺបានបណ្តាលឲ្យមានការធ្លាក់ចុះចំនួន ៤៩ភាគរយនៅក្នុងការឆ្លងកាត់សរុប បើប្រៀបធៀបទៅនឹងរយៈពេលដែលមានការធ្វើចរាចរខ្ពស់បំផុត។
របាយការណ៍នោះបានលើកឡើងថា វិបត្តិសមុទ្រក្រហម រួមជាមួយនឹងការរំខានដែលកំពុងបន្តមាននៅក្នុងសមុទ្រខ្មៅ ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្កបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកចំពោះពាណិជ្ជកម្មពិភពលោក ហើយបានចង្អុលបង្ហាញទៀតថា នាវាកំពុង «គេចចេញពីផ្លូវព្រែកជីក Suez និង Panama និងស្វែងរកផ្លូវជំនួសផ្សេង» ដោយការប្ដូរផ្លូវនាវាចរនេះនាំឲ្យ «ចម្ងាយផ្លូវដឹកទំនិញកាន់តែឆ្ងាយជាងមុន ហើយធ្វើឲ្យការចំណាយពាណិជ្ជកម្ម និងបុព្វលាភធានារ៉ាប់រងកាន់តែថ្លៃជាងមុន»។
របាយការណ៍បានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានភាពនៅតែមិនផ្លាស់ប្តូរក្នុងរយៈពេលដ៏យូរនោះ វានឹងបង្កការគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកជាមិនខាន៕