
មន្ត្រីនគរបាល នៅថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) នេះ បានឲ្យដឹងថា បុគ្គលប្រហែល ៦២.០០០នាក់ កំពុងមានសកម្មភាពនៅក្នុង ឬមានទំនាក់ទំនងជាមួយបណ្តាញឧក្រិដ្ឋកម្ម ក្នុងប្រទេសស៊ុយអែត ជាកន្លែងដែលអាជ្ញាធរ បានជួបនឹងការលំបាកអស់ជាច្រើនឆ្នាំ ដើម្បីទប់ស្កាត់អំពើហិង្សាដែលទាក់ទងនឹងការរៀបចំអំពើឧក្រិដ្ឋ។
ការបាញ់សម្លាប់មនុស្ស កើនឡើង ៣ដង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក នៅក្នុងប្រទេសអឺរ៉ុបខាងជើង ដែលមានប្រជាជនចំនួន ១០លាននាក់នេះ ហើយបច្ចុប្បន្នមានកម្រិតខ្ពស់ជាងប្រទេសជិតខាង។ អគ្គស្នងការនគរបាលជាតិ លោកស្រី Petra Lundh បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងបានកំណត់អត្តសញ្ញាណបុគ្គល ១៤.០០០នាក់ថា ជាអ្នកមានសកម្មភាព នៅក្នុងបណ្តាញឧក្រិដ្ឋកម្ម។ តាមរយៈការកំណត់លើអ្នកដែលមានទំនាក់ទំនងជាមួយបណ្តាញទាំងនេះ ឥឡូវនេះ យើងប៉ាន់ប្រមាណថា មានមនុស្សពាក់ព័ន្ធ ៤៨.០០០នាក់»។
ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Gunnar Strommer បានប្រាប់ថា ក្នុងឆ្នាំ២០២២ មានការបាញ់ប្រហារដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតចំនួន ៦២ករណី នៅក្នុងប្រទេសស៊ុយអែត។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «នៅឆ្នាំ២០២៣ ទោះបីជាចំនួននៃការបាញ់ប្រហារបណ្ដាលឲ្យមនុស្សស្លាប់បានធ្លាក់ចុះបន្តិចក៏ដោយ ក៏តួលេខបឋមបង្ហាញថា ប្រទេសស៊ុយអែតមានការបាញ់ប្រហារបណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងប្រទេសន័រវ៉ែស ដាណឺម៉ាក និងហ្វាំងឡង់ រហូតដល់ទៅ ៩ដង»។
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះចំនួននៃការវាយប្រហារដែលពាក់ព័ន្ធនឹងគ្រឿងផ្ទុះ គឺមានចំនួនច្រើនបំផុត៕