
ប្រទេសហ្វីលីពីន កំពុងជិតឈានទៅដល់ការទម្លាយភាពជាប់គាំងក្នុងការចរចាទិញយន្តហោះចម្បាំងពីស៊ុយអែត បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់ពីរទសវត្សរ៍ ក្នុងការពង្រឹងកងនាវារបស់ខ្លួនឡើងវិញ។
ក្រសួងការពារជាតិហ្វីលីពីន បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៦ ខែកុម្ភៈថា រដ្ឋាភិបាលទាំងពីរឥឡូវនេះ កំពុងពង្រឹងលក្ខខណ្ឌចុងក្រោយនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីខែមិថុនា និងបានអនុម័ត ក្នុងខែកញ្ញា។
ក្រសួង បាននិយាយថា ការរៀបចំនេះ គឺជាគន្លឹះសម្រាប់ការចូលរួមរបស់ប្រទេសស៊ុយអែត នៅក្នុងកម្មវិធីយន្តហោះចម្បាំងពហុតួនាទីរបស់ប្រទេសហ្វីលីពីន ហើយរដ្ឋាភិបាល នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅឯកិច្ចប្រជុំមួយ នៅខែក្រោយ។
ការចរចារ បានជាប់គាំង ខណៈពេលដែលយោធាហ្វីលីពីន បានបញ្ចប់កម្មវិធីទិញយកប្រព័ន្ធការពារថ្មីរបស់ខ្លួន ដែលត្រូវបានគេហៅថា Horizon 3 ដែលជាដំណាក់កាលចុងក្រោយនៃការជំរុញដ៏ធំរបស់រដ្ឋាភិបាល ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ កាលពីខែមករា លោកប្រធានាធិបតី ហ្វឺឌីណាល ម៉ាកូស (Ferdinand Marcos Jr.) បានអនុម័តថវិកាចំនួន ២ពាន់ពាន់លានប៉េសូ (៣៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ផែនការរយៈពេលមួយទសវត្សរ៍។
ក្រសួងការពារជាតិ មិនបានចែករំលែកបញ្ជីជាក់លាក់នៃទ្រព្យសម្បត្តិ និងវេទិកាដែលខ្លួនចង់បាននៅក្រោមកម្មវិធីនោះទេ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro បានប្រាប់អ្នកសារព័ត៌មានកាលពីខែមុនថា ថវិកានេះ នឹងត្រូវចំណាយទៅលើការកសាងគ្រឿងយុទ្ធោបករណ៍ និងសមត្ថភាព ដើម្បីដោះស្រាយការគំរាមកំហែងដល់ធនធាន និងក្រុមនាវារបស់ហ្វីលីពីន។
សមត្ថភាព នឹងផ្តោតលើការបង្កើនការយល់ដឹងអំពីដែន ការតភ្ជាប់ទំនាក់ទំនង ការពារដែនសមុទ្រ និងអាកាស បញ្ជានិងការគ្រប់គ្រង ការទំនាក់ទំនង បច្ចេកវិទ្យាកុំព្យូទ័រ និងការស៊ើបការណ៍ ការឃ្លាំមើល ការកំណត់គោលដៅ និងការឈ្លបយកការណ៍។