
ភ្នំពេញ៖ ក្នុងឱកាសខួប ១៣ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពេលនោះពុំបានសម្រាកពេញមួយយប់ ដើម្បីតាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨។
ប្រាសាទព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ការណ៍ដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ ដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុ។
ឯកឧត្ដមបន្តថា ប្រាសាទព្រះវិហារ ជារមណីដ្ឋានសក្ដារៈ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោក គឺជានិម្មិតសញ្ញាមួយ នៃកិច្ចសហប្រតិបត្តិការ និងឯកភាពជាឯកច្ឆ័ន្ទគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រាសាទព្រះវិហារនេះ គឺគណៈកម្មាធិការបេតិភណ្ឌពិភពលោក ក៏ដូចជាគណៈកម្មាធិការប្រាង្គប្រាសាទពិភពលោក បានវាយតម្លៃថាប្រាសាទព្រះវិហារមានតម្លៃនៃស្នាដៃមនុស្សជាតិ និងបេតិភណ្ឌមនុស្សជាតិលេចធ្លោគ្មានពីរដែលពុំអាចកាត់ថ្លៃបាន។
មនុស្សជាតិទាំងអស់ នៅលើសកលលោកត្រូវមានកាតព្វកិច្ចអភិរក្ស រក្សាការពារ ជួលជុលដោយគ្មានរើសអើង។ នេះជាមោទនភាព របស់ពូជពង្សខ្មែរ ដែលដូនតាបុព្វបុរសកសាងទុកជាមរតក នៅក្នុងការងារដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបេតិក ភណ្ឌពិភពលោក ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដោយមានសម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំគណៈប្រតិភូ ក្នុងកិច្ចការនេះ បានធ្វើឱ្យពិភពលោក ទទួលស្គាល់នូវសមត្ថភាពការ ងារកាទូតខ្នាតអន្តរជាតិដែលការវិនិច្ឆ័យ នៃអង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកគោះញញួរសម្រេចទទួលយកប្រាសាទព្រះវិហារ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ ក្នុងឱកាសនោះ មិត្តថៃ ក៏ឯកភាពគ្មានកិច្ចតវ៉ាឡើយ។
ដ្បិតការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាទិសដៅវប្បធម៌កិច្ចអភិរក្សថែរក្សាស្នាដៃមនុស្សជាតិជាសកល។ ទោះបីជាមានការប្រឈម និងខ្វែងគំនិតគ្នារវាងកម្ពុជា និងមិត្តថៃយ៉ាងណាក៏ដោយក៏សម្តេចវិបុលបញ្ញា បានធ្វើឱ្យថៃជាមិត្តរួមចំ ណែកជាគណៈកម្មាធិការសមាជិកអភិរក្សប្រាសាទព្រះវិហារនេះផងដែរ។
ឯកឧត្ដមបន្ថែមថា នៅក្នុងនោះ សហប្រធាននៃគណៈកម្មាធិការនេះ គឺមានមិត្តចិន និងមិត្តឥណ្ឌារួមចំណែកជាមួយមិត្តសហរដ្ឋអាមេរិក ស្ថិតនៅក្នុងគណៈកម្មាធិការអភិរក្សនេះផងដែរ។
ឯកឧត្ដម ក៏បានអរគុណចំពោះ មិត្តសហរដ្ឋអាមេរិក ដែលជួយជ្រោមជ្រែងក្នុងដំណើរការនៃការដាក់ប្រាសាទព្រះវិហារចូលក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយនេះជាស្នាដៃ និងគោលនយោបាយគ្រឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអនុវត្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ធ្វើឱ្យការប្រឈមក្លាយទៅជាដៃគូសហប្រតិបត្តិការដែលជាមរតកនយោបាយមួយសម្រាប់កុលបុត្រ កុលធីតាខ្មែរ។
សូមជម្រាបផងដែរថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់សម្បត្តិរបស់កម្ពុជា៕