ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ខ្មែរជំនាន់ទី៤៤ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។
ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៤ មានសិក្ខាកាមអាចារ្យមកពីចម្រុះរាជធានី-ខេត្ត ទូទាំងប្រទេសចំនួន១៨៨រូប ក្នុងនោះព្រះសង្ឃ ២៣អង្គ និងស្រី្ត៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើមុខវិជ្ជាចំនួន១៨មុខវិជ្ជា ស្មើនឹង៣៣ម៉ោង ៣០នាទី បានបញ្ចប់ដោយរលូន និងបានបញ្ជ្រាបចំណេះដឹងដល់សិក្ខាកាមដោយជោគជ័យ។
នាឱកាសនោះឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ពីប្រពៃណីដ៏សំបូរបែប និងបានមើលឃើញការរៀបចំពិធីអាពាហ៍ ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចផ្តល់អនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ចាត់តាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្នជំនាន់៤៤ ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស អនុលោមតាមក្បួនតម្រាដែលមានពីបុរាណមក។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងន័យលើកកម្ពស់ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យដូចខាងក្រោម៖
១-ក្នុងនាមជាអាចារ្យត្រូវ គោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សានេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។
២-ក្នុងនាមជាព្រឹទ្ធាចារ្យប្រចាំភូមិ-ស្រុក ត្រូវមានភាពជាគំរូ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូ ល្អដល់យុវ ជនជំនាន់ក្រោយ ។
៣-អាចារ្យទាំងអស់ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការ និងសាសនាក្រុង ស្រុក ខណ្ឌ រាជធានី-ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
៤-អាចារ្យត្រូវចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ ស័ក្តិសមជាទីគោរពសក្ការៈ និងជា រម ណីយ ដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៥-អាចារ្យត្រូវបន្តពង្រឹង និងពង្រីកចំណេះដឹងត្រូវខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីចូលរួមចំណែកកសាង ឯកសារគោលឱ្យកាន់តែមានមូលដ្ឋានច្បាស់លាស់ និងទទួលយកបានទាំងអស់គ្នាបន្សល់ទុកជាប្រយោជន៍សម្រាប់បច្ឆាជន។
ឯកឧត្តម រដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន៕ អត្ថបទ ៖ រដ្ឋា









