
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរសព្ទរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិប ត្តិការអន្តរជាតិ និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ចេញនៅថ្ងៃទី០៧ ខែកក្កដា បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារតាមទូរសព្ទជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី។
រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលីក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មី នូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។
លោកជំទាវ បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូ ស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូងនៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។
ឯកឧត្តម ក៏បានកោតសរសើរប្រទេសអូស្ត្រាលីដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។
ឯកឧត្តម បានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្រ្តាលីជាមួយអាស៊ាន នឹងរួមចំណែកបន្ថែមទៀត យ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។
ឯកឧត្តម ក៏បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យសម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូលដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។
ឯកឧត្តម ក៏បានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមានការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ លើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។
ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្ដម ក៏បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រ ទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាននាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
ឯកឧត្ដម ក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍អាស៊ាន។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕