
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) នេះ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក្នុងទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន ដោយជំនួបនេះ កើតឡើងមួយថ្ងៃមុនខួបលើកទី២ នៃការលុកលុយពេញលេញរបស់រុស្ស៊ី។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា មេដឹកនាំទាំង២ បានទៅមើលទីបញ្ចុះសពមួយ និងបានគោរពវិញ្ញាណក្ខន្ធរបស់ពួកទាហានពលីក្នុងសង្គ្រាម។ តាមរយៈបណ្ដាញសង្គម X លោក Zelenskiy បានប្រាប់ថា៖ «យើងនឹងគ្មានថ្ងៃបំភ្លេចវីរបុរសដែលបានការពារឯករាជ្យភាព សេរីភាព និងអនាគតរបស់ជាតិយើងជាដាច់ខាត»។
គួរបញ្ជាក់ថា ប្រទេសដាណឺម៉ាកដែលជាសមាជិកនៃសម្ព័ន្ធមិត្តយោធាណាតូ និងសហភាពអឺរ៉ុប គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ុយក្រែន ហើយស្ថិតក្នុងចំណោមអ្នករួមចំណែកដ៏ធំបំផុតនៃជំនួយយោធា ដែលសមាមាត្រទៅនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន។
ប្រទេសនេះបានប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ២៤៧,៤លានដុល្លារ សម្រាប់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ហើយបានជំរុញឲ្យសម្ព័ន្ធមិត្តបង្កើនការផ្ដល់ជំនួយជួយដល់ទីក្រុងគីវដែលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី៕