
ប្រធានប្រតិបត្តិសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ប្រទេសប៉ូឡូញនឹងទទួលបានទឹកប្រាក់រហូតដល់ ១៣៧ពាន់លានអឺរ៉ូ (១៤៨ពាន់លានដុល្លារ) នៅក្នុងមូលនិធិសហភាពអឺរ៉ុប បន្ទាប់ពីរដ្ឋាភិបាលថ្មី នៅទីក្រុងវ៉ាសូវី បានចាប់ផ្តើមអនុវត្តកំណែទម្រង់ដែលខ្លួននិយាយថា នឹងស្ដារឯករាជ្យភាពតុលាការ នៅក្នុងប្រទេស។
រដ្ឋាភិបាលចម្រុះគាំទ្រអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីលោក Donald Tusk បានសន្យាធ្វើយ៉ាងណាឲ្យមានការលុបចោលនូវការរារាំងចំពោះសាច់ប្រាក់នេះ ហើយការទទួលបានលទ្ធភាពប្រើប្រាស់ នឹងផ្តល់នូវការជំរុញដល់ការវិនិយោគ សម្រាប់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងដែលធ្លាក់ចុះដោយសារភាពមិនល្អប្រសើរ នៅប្រទេសដៃគូពាណិជ្ជកម្មដ៏ធំ គឺអាល្លឺម៉ង់។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាសូវីថា៖ «ខ្ញុំមានដំណឹងល្អ។ សប្តាហ៍ក្រោយ ស្ថាប័ននេះនឹងបង្ហាញជូនជាមួយនឹងការសម្រេចចំនួន២ លើមូលនិធិអឺរ៉ុបដែលបច្ចុប្បន្នត្រូវបានរារាំងមិនឲ្យប្រទេសប៉ូឡូញប្រើប្រាស់។ ការសម្រេចទាំងនេះនឹងនាំទៅដល់ការផ្ដល់ជូន ១៣៧ពាន់លានអឺរ៉ូសម្រាប់ប៉ូឡូញ»៕