កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមនិងការចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងអនឡាញ ខណៈដែលកន្លងមក បានរកឃើញអ្នកប្រើប្រាស់គ្រឿងញៀននៅលើកងកម្លាំងប្រដាប់អាវុធ ដោយឡែកល្បែងវិញមានប្រជាពលរដ្ឋខ្លះ បានអះអាងថា មានការភ្នាល់ល្បែងតាមអនឡាញ មិនថា ឡូតូ មាន់ជល់ ក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងបំផុត និងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះបញ្ហាគ្រឿងញៀន គឺជាដំបៅដ៏អាក្រក់មួយក្នុងសង្គម ហើយបើកាលណាមនុស្សណាម្នាក់បានជ្រុលសេពគ្រឿងញៀន តែងធ្វើឱ្យបាត់បង់សតិ និងធ្វើអ្វីៗបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងរហូតដល់សង្គមថែមទៀត។ ហេតុនេះសម្រាប់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជារឿងមួយដ៏ល្អ ដើម្បីធ្វើយ៉ាងណាប្រែក្លាយយុវជនកម្ពុជា អោយចៀសឆ្ងាយពីគ្រោះថ្នាក់កើតចេញពីគ្រឿងញៀននេះ ព្រោះពួកគេ ជាទំពាំងស្នងឬស្សីត្រូវតែស្អាតស្អំ និងប្រកបដោយសមត្ថភាព សម្រាប់បន្តវេនអភិវឌ្ឍន៍ប្រទសជាតិ។
សម្ដេចធិបតី ក៏បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវត្រួតពិនិត្យមើលតាមមូលដ្ឋានរបស់ខ្លួន ចំពោះល្បែងស៊ីសងតាមអនឡាញ ជាបន្ទាន់ផងដែរ។ ចំណាត់ការមួយនេះ ជារឿងដែលប្រពៃណាស់ ប្រសិនបើ នៅតែបន្តឱ្យមានការបើកល្បែងស៊ីសងតាមអនឡាញ យ៉ាងគគ្រឹកគគ្រេងបែបនេះ អ្នកដែលរងគ្រោះធំបំផុត គឺជាប្រជាពលរដ្ឋនេះតែម្ដង និងខាតបង់ថវិកា នាំឱ្យមានជម្លោះក្នុងគ្រួសារ ឬអាចកើតចេញជាអំពើហិង្សាក៏ថាបាន។
ជាមួយវិធានការទាំង២នេះ ប្រជាពលរដ្ឋបានបង្ហាញការសាទរ គាំទ្រយ៉ាងពេញទំហឹងនូវវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងល្បែងស៊ីសងតាមអនឡាញនេះ ។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងលើកឡើងថា ការបង្រ្កាប ជាមួយវិធានការដាច់ខាតរបស់ប្រមុខរដ្ឋាភិបាលនេះ គឺដើម្បីអោយប្រទេសមួយស្អាតស្អំ គ្មានគ្រឿងញៀន និងល្បែងស៊ីសង នាំអោយយុវជនប្រកបដោយចំណេះដឹង ដែលទាំងអស់នេះ គឺជាកត្តាមិនអាចខ្វះបានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើងអោយកាន់តែរុងរឿងក្រោមម្លប់សុខសន្តិភាព ៕ ដោយ ៖ កាំង ហុងវាស្នា







