ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ បណ្តាលឲ្យជន់លិចតំបន់ភាគខាងត្បូងប្រទេសប៉េរូ និងបានធ្វើឲ្យខូចខាតលំនៅឋានច្រើនខ្នង និងផ្លូវជាច្រើនខ្សែ។ អាជ្ញាធរ បានចេញការព្រមានពណ៌ក្រហម នៅទីក្រុង ម៉ូហ្គូហ្គា(Moquegua) ខណៈភ្លៀងធ្លាក់អាចបង្កទឹកជំនន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅទីក្រុង Yura លំនៅឋានជាង ៥០ខ្នង ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅទីក្រុង Inapari លំនៅឋានចំនួន ៩០ខ្នងបានរងការខូចខាត បន្ទាប់ពីទឹកទន្លេ Acre បានហក់ឡើងខ្ពស់ ។ អង្គភាពសេវាឧតុនិយមជាតិ Senamhi បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់នៅចុងសប្តាហ៍នេះ។

រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦០ ថ្ងៃសម្រាប់តំបន់ជាច្រើននៅទូទាំងប្រទេសប៉េរូ ដោយសារការបំផ្លាញបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ជាពិសេសនៅតំបន់ភ្នំដាច់ស្រយាល។ ភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានបំណាក់ដី ទឹកជំនន់ដ៏គំហុក ការបាក់ច្រាំងទន្លេ ការបាក់ស្ពាន ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ។ ផ្លូវនានា រួមទាំងផ្លូវហាយវ៉េ អាចបិទភ្លាមៗ ហើយបិទក្នុងរយៈពេលមិនកំណត់ ជាពិសេសនៅតំបន់ដាច់ស្រយាល។ ការធ្វើដំណើរ អាចរងផលប៉ះពាល់ពេញមួយរដូវវស្សា ដែលជាធម្មតាបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា។
ប្រជាជនដែលរស់នៅក្នុង ឬធ្វើដំណើរឆ្លងកាត់តំបន់ដែលងាយរងគ្រោះទឹកជំនន់ ត្រូវបានជំរុញឱ្យមានចំណាត់ការបង្ការជាមុន ជៀសឱ្យឆ្ងាយពីទឹកអូរ និងទន្លេ ពិចារណាឡើងវិញនូវការឆ្លងកាត់តាមដងស្ទឹងទន្លេ និងត្រូវយកចិត្តទុកដាក់លើការណែនាំរបស់អាជ្ញាធរតំបន់។