អ្នកឆ្លើយតបជិត៧០ភាគរយ ទៅនឹងការស្ទង់មតិនៅប្រទេសអ៊ុយក្រែន ជឿជាក់ថាប្រទេសនេះនឹងបន្តការពារការឈ្លានពានរបស់រុស្ស៊ី និងទាមទារយកទឹកដីដែលបាត់បង់មកវិញ។ ប៉ុន្តែមានតែ៣ ភាគរយប៉ុណ្ណោះ ដែលជឿថាការទទួលបានជ័យជម្នះខិតជិតមកដល់។

ប្រព័ន្ធផ្សព្វផ្សាយ NHK និងអង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងគីវ បានធ្វើការស្ទង់មតិតាមរយៈទូរស័ព្ទរួមគ្នានៅចន្លោះថ្ងៃទី ៩ និងទី ១២ ខែកុម្ភៈ លើប្រជាជន ១.០០០នាក់។
អ្នកឆ្លើយសំណួរ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយរស់នៅទូទាំងប្រទេសអ៊ុយក្រែន លើកលែងតែនៅតំបន់គ្រីម៉េ, ដុនបាស់ និងតំបន់ដែលបណ្តាញទូរស័ព្ទចល័ត មិនអាចប្រើប្រាស់បាន។ ៥១ភាគរយ ជឿថា អ៊ុយក្រែន កាន់តែខិតទៅជិតការទទួលជ័យជម្នះ «មួយជំហានៗ»។ ៣០ ភាគរយ បាននិយាយថា ជម្លោះបានឈានដល់ការជាប់គាំង ហើយ១២ភាគរយបាននិយាយថាការទទួលជ័យជម្នះគឺ «នៅឆ្ងាយ» «ឈានមួយជំហានម្តងៗ»។

នៅពេលសួរថា តើ ពួកគេរំពឹងអ្វីពីរដ្ឋាភិបាលរបស់ពួកគេ ៥៥ភាគរយ បាននិយាយថាពួកគេចង់ឃើញការវិលត្រឡប់ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ រួមទាំងនៅតំបន់គ្រីម៉េ និងដុនបាស់ ។ ១៣ភាគរយ បាននិយាយថា ពួកគេចង់ឱ្យព្រំដែនអ៊ុយក្រែន ស្តារឡើងវិញដូចដែលមាននៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ មួយថ្ងៃមុនពេលការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ ២៤ភាគរយ បាននិយាយថា ពួកគេចង់បញ្ឈប់ការប្រយុទ្ធគ្នា ហើយចាប់ផ្តើមការចរចាសន្តិភាព។ តួលេខនេះ បានកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។
នៅថ្ងៃសៅរ៍នេះ គឺជាខួបពីរឆ្នាំចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន ហើយសាស្ត្រាចារ្យរងសាកលវិទ្យាល័យតូក្យូ លោក កយហ្សូមិ យុ (Koizumi Yu) និយាយថា ជម្លោះនេះ ទំនងជាអូសបន្លាយដល់ឆ្នាំទី ៣ និងទី ៤ ។
លោក Koizumi និយាយថា កងទ័ពអ៊ុយក្រែនបានចុះខ្សោយពីការវាយរុញច្រានរបស់ពួកគេ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ហើយរុស្ស៊ី ខ្វះសមត្ថភាពសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ និងសម្របសម្រួល។