កសិករបានរៀបចំតវ៉ា នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់ពិព័រណ៍កសិកម្ម នៅទីក្រុងប៉ារីស ក្នុងពេលដែលមានអារម្មណ៍ឆាបឆួលដោយកំហឹង ដោយសារការចំណាយ ការិយាធិបតេយ្យហួសហេតុ និងបទប្បញ្ញត្តិបៃតង។

ត្រាក់ទ័ររាប់សិបគ្រឿងបានបើកចូលក្នុងរដ្ឋធានីបារាំង កាលពីរសៀលថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) អមដោយការចុចស៊ីផ្លេលាន់កងរំពងពេញផ្លូវ។ ក្នុងចំណោមនោះ ត្រាក់ទ័រ ១គ្រឿង បានព្យួរបដាដែលសរសេរថា «លោក Macron! អ្នកកំពុងសាបគ្រាប់ពូជព្យុះភ្លៀង ដូច្នេះ ប្រយ័ត្នទទួលបានផលពីអ្វីដែលអ្នកបានធ្វើ»។

គួរបញ្ជាក់ថា កសិករបានធ្វើការតវ៉ានៅទូទាំងទ្វីបអឺរ៉ុប ដោយអំពាវនាវឲ្យមានប្រាក់ចំណូលប្រសើរជាងមុន និងការិយាធិបតេយ្យតិចតួច និងត្អូញត្អែរពីការប្រកួតប្រជែងមិនយុត្តិធម៌ពីទំនិញតម្លៃថោករបស់អ៊ុយក្រែន។ សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ បានលើកលែងពន្ធលើការនាំចូលអាហាររបស់អ៊ុយក្រែន ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសនេះ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។
លោក Jean Lefevre ជាសមាជិករបស់ FNSEA ដែលជាសហជីពកសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំងបានប្រាប់សារព័ត៌មាន Reuters ថា៖ «កសិករមួយចំនួននឹងព្យាយាមរារាំងលោកប្រធានាធិបតី (លោក Macron) មិនឲ្យចូលទៅក្នុងពិព័រណ៍ពាណិជ្ជកម្ម។ ហើយប្រសិនបើរូបលោកចូលទៅ ពួកគេនឹងរំខានការដើរមើលរបស់លោក នៅទីនោះ»។
លោក Macron បានលុបចោលការជជែកដេញដោលដែលលោកចង់រៀបចំនៅក្នុងពិព័រណ៍កសិកម្ម នៅថ្ងៃសៅរ៍នេះ ជាមួយកសិករ អ្នកកែច្នៃម្ហូបអាហារ និងអ្នកលក់រាយ បន្ទាប់ពីសហជីពកសិករបាននិយាយថាពួកគេនឹងមិនទៅចូលរួមនោះទេ ដោយនេះគឺសញ្ញាមួយផ្សេងទៀត ដែលបង្ហាញថា តើទំនាក់ទំនងដ៏តានតឹង រវាងកសិករ និងរដ្ឋាភិបាល នៅតែមានដដែលកម្រិតណា៕