ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះធ្វើការបិទហាងខារ៉ាអូខេ មួយកន្លែង យីហោ ហ្គោល នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង។
ប្រត្តិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ ទី៨ ខែ កក្កដា ឆ្នាំ២០២១ ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនេះបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើន និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។
ជាថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល។ ក្រោយប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះ មានស្រី១៤នាក់ ប្រុស១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿង នាំយកទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ កុម្ភះ




