ចំហេះព្រៃនៅក្នុងរដ្ឋ Victoria របស់អូស្ត្រាលី បានរាលដាលយ៉ាងឆាប់រហ័ស នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) ដោយបានបង្ខំឲ្យអាជ្ញាធរចេញការជូនដំណឹងអំពីការជម្លៀសថ្មី ក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត សម្រាប់អ្នកស្រុករាប់រយនាក់ នៅភាគខាងលិចរបស់រដ្ឋនេះ។

ការព្រមានជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការបន្ថយកម្រិត នៅថ្ងៃសៅរ៍នេះ សម្រាប់ចំហេះព្រៃមួយផ្សេងទៀត ដែលបានកើតមានឡើងកាលពីដើមសប្តាហ៍នេះ ដោយការឆាបឆេះនេះបានសម្លាប់សត្វពាហនៈ បំផ្លាញទ្រព្យសម្បត្តិ និងបង្ខំឲ្យមនុស្សជាង ២.០០០នាក់ចាកចេញពីទីប្រជុំជនភាគខាងលិច ហើយឆ្ពោះទៅកាន់ទីក្រុង Ballarat ចម្ងាយ ៩៥គីឡូម៉ែត្រ នៅភាគខាងលិចនៃរដ្ឋធានី Melbourne។

អណ្ដាតភ្លើងថ្មីនេះកំពុងគំរាមកំហែងដល់ទីប្រជុំជនជនបទ Amphitheatre ដែលមានប្រជាជនចំនួន ២២៣នាក់។ អង្គភាពគ្រប់គ្រាអាសន្នរបស់រដ្ឋ Victoria (Vic Emergency) បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា «ការចាកចេញភ្លាមៗ គឺជាជម្រើសដ៏មានសុវត្ថិភាពបំផុត មុនពេលស្ថានភាពប្រែក្លាយទៅជាគ្រោះថ្នាក់ខ្លាំងឡើង» ដោយបន្ថែមថា ចំហេះមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។
សារព័ត៌មាន Australian Broadcasting Corp បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ផ្ទះចំនួន ៣ខ្នង និងអគារតូចៗជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះ នៅក្នុងការសង្គ្រោះបន្ទាន់ពីចំហេះព្រៃ នៅរដ្ឋ Victoria ។ អ្នកពន្លត់អគ្គិភ័យប្រហែល ១.០០០នាក់ដែលមានការគាំទ្រពីយន្តហោះជាង ៥០គ្រឿង បានប្រយុទ្ធនឹងអគ្គិភ័យ ចាប់តាំងពីអណ្ដាតភ្លើងបានចាប់ផ្តើមឆាបឆេះឡើង៕