មេដឹកនាំលោកខាងលិចចំនួន ៤រូប ដែលរួមមានទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី កាណាដា និងបែលហ្ស៊ិក បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃសោរ៍ (ទី២៤ ខែកុម្ភៈ) ដែលការធ្វើដំណើរទៅនេះ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ក្នុងខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នាយករដ្ឋមន្ត្រីបែលហ្សិកលោក Alexander De Croo និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែនជាមួយគ្នា នៅពេលយប់ តាមរថភ្លើងពីប្រទេសជិតខាងប៉ូឡូញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីតាលី។

សម្រាប់លោកស្រី Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះគ្រោងនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទតាមរយៈវីដេអូមួយ នៅល្ងាចថ្ងៃដដែលនោះ ពីទីក្រុងគីវ ដែលនឹងមានការចូលរួមពីបណ្ដាមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំងប្រាំ៧ ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការពិភាក្សានេះ៕
