មន្ត្រីសន្តិសុខបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងការហេតុការណ៍បំផ្ទុះគ្រាប់បែក នៅមហាវិទ្យាល័យមួយ ក្នុងរដ្ឋធានី Imphal នៃរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ)។

ក្រុមមន្ត្រីបានប្រាប់បន្ថែមថា នៅមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវ ចំពោះការបំផ្ទុះ ដោយឧបករណ៍បំផ្ទុះកែច្នៃ (IED) នេះទេ។
មន្ត្រីមួយរូប បានប្រាប់ថា៖ «ឧបករណ៍ IED បានផ្ទុះនៅក្នុងបរិវេណនៃមហាវិទ្យាល័យ (បរិវេណមហាវិទ្យាល័យ DM) នៅក្នុងទីក្រុង។ មនុស្សម្នាក់បានស្លាប់ ហើយម្នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ»។

គួរបញ្ជាក់ដែរថា រដ្ឋ Manipur បានកើតមាននូវការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មក រវាងសមាជិកភាគច្រើននៃសហគមន៍ Meitei និងជនជាតិភាគតិច Kuki ពាក់ព័ន្ធការបែងចែកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតា ដែលត្រូវបានផ្តល់ដល់ក្រុមកុលសម្ព័ន្ធ។ មនុស្សជិត ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះនេះ។
ការផ្ទុះគ្រាប់បែក កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បានកើតឡើងនៅក្នុងការិយាល័យរបស់ All Manipur Students' Union ដែលជាអង្គការនិស្សិតមានទីតាំងនៅខាងក្នុងបរិវេណសាកលវិទ្យាល័យ DM នៅតំបន់ Imphal West៕