ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុម TSMC រហូតដល់ ៧៣២ពាន់លានយ៉េន (៤,៨៦ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីជួយក្រុមហ៊ុនសាងសង់រោងចក្រផលិតបន្ទះឈីបទី២ ខណៈដែលក្រុមហ៊ុនកោះតៃវ៉ាន់មួយនេះ នាថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រារព្ធពិធីបើកសម្ពោធរោងចក្រដំបូងរបស់ខ្លួន នៅជប៉ុន។

ការសម្រេចរបស់ក្រុមហ៊ុន TSMC ក្នុងការផលិតបន្ទះឈីប នៅប្រទេសជប៉ុន បានក្លាយជាអង្គប្រកបគន្លឹះដ៏សំខាន់នៃការជំរុញរបស់ទីក្រុងតូក្យូ ក្នុងការធ្វើឲ្យការផលិតបន្ទះគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់មានជីវិតជីវ៉ាឡើងវិញ និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ខ្លួន ដើម្បីទប់ទល់នឹងការរំខាន នៅពេលដែលភាពតានតឹងជាមួយប្រទេសជិតខាងចិន កើនឡើង។
បន្ទាប់ពីបានចូលរួមក្នុងពិធីបើកដំណើរការរោងចក្រដំបូង នៅទីក្រុង Kumamoto លើកោះ Kyushu របស់ប្រទេសជប៉ុន ដែលត្រូវបានរៀបចំទទួលដោយលោក Morris Chang ជាស្ថាបនិករបស់ក្រុមហ៊ុន TSMC រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Ken Saito បានប្រាប់អ្នកសារព័ត៌មានថា៖ «បន្ទះឈីបទាំងនេះនឹងមានកម្រិតខ្ពស់ជាងរោងចក្រទី១ ហើយអាចប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងការបើកបរដោយស្វ័យភាព ហើយនឹងធានាថា យើងមានស្ថិរភាពនៃការផ្គត់ផ្គង់បន្ទះអេឡិកត្រូនិក នៅក្នុងប្រទេសជប៉ុន»។
ការប្តេជ្ញាចិត្តផ្ដល់ហិរញ្ញវត្ថុចុងក្រោយបង្អស់នេះ ដែលនឹងបន្ថែមលើប្រាក់ផ្តល់ឲ្យក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក សម្រាប់រោងចក្រដំបូងរបស់ខ្លួន អាចរុញឲ្យការឧបត្ថម្ភធនដែលឧបត្ថម្ភដោយអ្នកបង់ពន្ធ សម្រាប់ក្រុមហ៊ុន TSMC ឡើងលើសពី ១សែនកោដិយ៉េន៕