ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មួយថ្ងៃ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលដំណើរការនៃការរៀចំការិយាល័យបោះឆ្នោត នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ ដែលមានចំនួន២ ការិយាល័យនៃភូមិភាគ១។
ឯកឧត្តមអភិបាល បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥ កុម្ភៈ ស្អែកនេះហើយ ដោយត្រូវសម្រេចឱ្យបាននូវការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យ ឬគំរាមកំហែងក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អ ពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ក្រៅពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យបាញ់ទឹកលាងសម្អាតបរិវេណជុំវិញការិយាល័យបោះឆ្នោតឱ្យបានស្អាតនឹងដាក់កម្លាំងយាមកាមឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ដែលត្រូវបោះឆ្នោតសម្រាប់រាជធានីភ្នំពេញ មានចំនួន ៩១១រូប ក្នុងនោះ ក៏មានអ្នកតំណាងរាស្ត្រចំនួន ១២រូបផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






