ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។
មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ដូចជា៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕









