បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការិយាល័យចំនួន២ នៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជាមណ្ឌលភូមិភាគ២ គឺប្រព្រឹត្តយ៉ាងរលូតល្អ ហើយនៅម៉ោង១០នេះ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវបិទបញ្ចប់ ខណៈអង្គបោះឆ្នោតបានមកចូលរួមបោះឆ្នោតគ្រប់ចំនួន ១០០%។

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ ដែលនៅវិទ្យាល័យព្រះសីហនុ គឺមានការិយាល័យចំនួន២ គឺការិយាល័យ២០០១ និង២០០២ មកដល់ពេលនេះ គឺបានប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់BTVឲ្យដឹងថា ដំណើរការបោះឆ្នោតនាព្រឹកនេះគឺប្រព្រឹត្តទៅយ៉ាងរលូនទាំងក្រៅមណ្ឌល និងក្នុងមណ្ឌលបោះឆ្នោត ពោលគឺអង្គបោះឆ្នោតគោរពទៅតាមច្បាប់បានយ៉ាងល្អ សេចក្ដី ថ្លៃថ្នូរល្អ។
ទន្ទឹមនឹងនេះដែរ អង្គបោះឆ្នោត និងភ្នាកងារអង្កេតការណ៍តាមការិយាល័យ បោះឆ្នោតរួចរាល់ បង្ហាញការកត់សម្គាល់ថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយប្រក្រតីមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ស្របទៅតាមច្បាប់កំណត់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត។ អង្គបោះឆ្នោត អះអាងថា អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ និងប្រកាន់ខ្ជាប់ទៅតាមគោលការណ៍របស់គ.ជ.ប។
សូមបញ្ជាក់ថា មណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ បានបែងចែកជា៣ការិយាល័យ ក្នុងនោះខេត្តកំពង់ចាម បានជ្រើសយកវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាមណ្ឌលបោះឆ្នោត ដោយបានបែងចែកជា២ការិយាល័យ ខណៈមានអង្គបោះឆ្នោតក្នុងបញ្ជីចំនួន៨២៧រូប នឹងដោយឡែក ខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតក្នុងបញ្ជី៥៤៤រូប បែងចែកមួយការិល័យនៅក្នុង បរិវេណវត្តវិហារទន្ទឹមក្រុងសួងផងដែរ៕






