បាត់ដំបង៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិភាគ៤ ខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។
ដំណើរការបោះឆ្នោតនាព្រឹកនេះប្រព្រឹត្តទៅដោយមានអង្គបោះឆ្នោតជាច្រើននាក់បានមកឈររង់ចាំ និងពិនិត្យបញ្ជីឈ្មោះមុនការិយាល័យបោះឆ្នោតបើកដំណើរការ ខណៈអង្គបោះឆ្នោតបានត្រៀមបម្រុងជាស្រេចនូវឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
អង្គបោះឆ្នោតដែលបានបោះឆ្នោតរួចរាល់ បង្ហាញការកត់សម្គាល់ថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយប្រក្រតីមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ស្របទៅតាមច្បាប់កំណត់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត។
អង្គបោះឆ្នោត អះអាងថា អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ និងប្រកាន់ខ្ជាប់ទៅតាមគោលការណ៍របស់គ.ជ.ប។
សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោត និងអ្នកបោះឆ្នោតសរុបចំនួន៨៣១នាក់ ក្នុងនោះអ្នកបោះឆ្នោតជាអ្នកតំណាងរាស្រ្ត ក្នុងមុខតំណែងមានចំនួន ៨រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងមានចំនួន ៨២៣រូប។ ចំពោះការិយាល័យបោះឆ្នោតមានចំនួន២ ការិយាល័យដែលមានទីតាំង នៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្រុងបាត់ដំបង៕





