ហៃទី៖ ប្រទេសហៃទីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីរបស់ខ្លួនគឺលោក Jovenel Moïse ដែលត្រូវបានគេបាញ់សម្លាប់ទាំងយប់ នៅក្នុងលំនៅឋានឯកជនរបស់លោកនៅជាយក្រុងរដ្ឋធានី Port-au-Prince។

នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក Claude Joseph បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅប្រហែលម៉ោង ១ព្រឹក ក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណដែលអ្នកខ្លះនិយាយភាសាអេស្ប៉ាញ បានវាយប្រហារគេហដ្ឋានឯកជនប្រធានាធិបតីរបស់សាធារណរដ្ឋមួយនេះ និងបានធ្វើឱ្យប្រមុខរដ្ឋរងរបួសធ្ងន់។ ក្រោយមកលោកបាននិយាយថា ក្រុមឃាតកក៏និយាយភាសាអង់គ្លេសដែរ។ លោក Joseph បានអំពាវនាវដល់ប្រជាជនចំនួន ១១លាននាក់របស់ប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ឲ្យរក្សាភាពស្ងៀមស្ងាត់ និងថ្កោលទោសចំពោះអ្វីដែលលោកហៅថា អំពើគួរអោយស្អប់ខ្ពើមអមនុស្សធម៌ និងសាហាវដែលបណ្ដាលឲ្យស្ត្រីទី១ របស់លោក Moïse Martine រងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិភាក្សាពីស្ថានភាពនៅហៃទីឱ្យបានឆាប់បំផុត។

ឃាតកម្មលើលោកប្រធានាធិបតីហៃទី បានជំរុញឱ្យមានការថ្កោលទោស និងការព្រួយបារម្ភជាអន្តរជាតិ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅស្ថានភាពនៅក្នុងប្រទេសហៃទីថាជា “គួរឱ្យព្រួយបារម្ភណាស់” ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចដើម្បីជួយ។ អគ្គលេខាធិការអង្គារសហប្រជាជាតិ លោក António Guterres បានអំពាវនាវឲ្យប្រជាជនហៃទីរក្សាសាមគ្គីភាពចំពោះមុខអំពើគួរស្អប់ខ្ពើមនេះ និងការពារបទបញ្ជារដ្ឋធម្មនុញ្ញ។ អង្គការអាមេរិកាំងបានថ្កោលទោសថា ជាការប្រមាថចំពោះសហគមន៍ប្រជាជាតិប្រជាធិបតេយ្យ៕
អត្ថបទ៖ សុខមាន