កំពង់ឆ្នាំង៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជឹកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ អង្គបោះឆ្នោតជាច្រើនរូប បានសម្រេចចិត្តបោះឆ្នោតជូនគណបក្សដែលពួកគាត់ស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលបានខិតខំស្វែងរកសន្តិភាពពិតប្រាកដជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងបានកសាងអភិវ្ឍន៍តាំងពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ។
អង្គបោះឆ្នោតបានបន្តថា៖ ក្នុងថ្ងៃនេះ ពួកគាត់មានចិត្តសប្បាយរីករាយ ដោយបានចូលរួមបោះឆ្នោតជ្រើសរើសសមាជឹកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ដោយមិនមានការបង្ខិតបង្ខំ មានសេរីភាព តម្លាភាព យុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតព្រឹទ្ធសភាលើកនេះ ពួកគាត់បានជ្រើសរើសយកគណបក្សដែលគាត់ស្រឡាញ់ពេញចិត្ត ហើយដែលគាត់មានទំនុកចិត្តខ្ពស់ក្នុងការរក្សាបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងពេលបោះឆ្នោតនេះ ស្ថានភាពនៅក្នុងការិយាល័យបោះឆ្នោតលេខ៧០០១ ក្នុងមណ្ឌល និងក្រៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង គឺមានសភាពល្អប្រសើរ មានដំណើរការទៅដោយរលូន មិនមានការបង្ខិតបង្ខំ និងសន្តិសុខល្អ។
លោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជឹកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានអោយដឹងថា៖ សភាពការទូទៅនៅការិយាល័យលេខ៧០០១ មណ្ឌលសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ភូមិភាគទី៧នេះ គឺមានសភាពស្ងប់ស្ងាត់ល្អ សន្តិសុខទាំងក្រៅមណ្ឌល ក្នុងមណ្ឌល និងក្នុងការិយាល័យ គឺល្អប្រសើរ មិនាមនបញ្ហាអ្វីកើតឡើងនោះឡើយ។ អង្គបោះឆ្នោតនៅខេត្តកំពង់ឆ្នាំងមានចំនួន៤៣១នាក់ ក្នុងនោះអវត្តមានម្នាក់ដោយសារមរណៈភាពកាលពីម្សិលមិញ ដូចនេះអង្គបោះឆ្នោតបានមកបោះឆ្នោតមានចំនួន៤៣០នាក់។ ដោយឡែកការបោះឆ្នោតវិញបានចាប់ផ្តើមនៅម៉ោង៧ព្រឹក និងបានបញ្ចប់នៅវេលាម៉ោង១១និង១៥នាទី ។ ការរាប់សន្លឹកឆ្នោតក៏បានបន្តនៅម៉ោង១២និង០០នាទីថ្ងៃត្រង់នេះ ដោយគណបក្សប្រជាជនកម្ពុជាបាននាំមុខគេ ។
នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជឹកព្រឹទ្ធសភា នីតិកាលទី៥នេះ គេសង្កេតឃើញតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងទាំង៤រូបបានអញ្ជើញចូលរួមបោះឆ្នោតជាបន្តបន្ទាប់មាន សម្តេចចៅហ្វាវាំង គង់ សំអុល , លោកជំទាវ កែ ច័ន្ទមុនី, ឯកឧត្តម ឡុង ឈុនឡៃ, និងលោកជំទាវ កុប ម៉ារីយ៉ាស់ ។ អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយក្តីសប្បាយរីករាយ គ្មានការបង្ខិតបង្ខំពីនណាម្នាក់ឡើយ៕ ដោយ ៖▲ កាំង ហុងវាស្នា



