ហ្កាហ្សា ៖ មនុស្សរាប់ពាន់នាក់បានរៀបចំពិធីអុជទាន នៅទីក្រុង តេល អាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ២៤ ខែកុម្ភៈ ជាការរំឭកដល់ចំណាប់ខ្មាំងដែលនៅតែត្រូវបានស្ថិតក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សា។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Netanyahu បាននិយាយថា គណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថានឹងទទួលបានរបាយការណ៍ពីក្រុមអ្នកចរចាដែលបានចូលរួមការសម្របសម្រួលការចរចានៅទីក្រុងប៉ារីស ស្តីពីលទ្ធភាពនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
កាលពីកន្លងទៅក្រុមហាម៉ាស បានដាក់លក្ខខណ្ឌដោះលែងចំណាប់ខ្មាំង ១៣០នាក់ ដែលនៅតែស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាថ្នូរនឹងការដោះលែងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់ពាន់នាក់ដែលជាប់ពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែល និងបានអំពាវនាវឱ្យបញ្ឈប់ការវាយលុកនៅតំបន់ហ្កាហ្សា ដែលក្រុមមន្ត្រីសុខាភិបាលនៅក្នុងដែនដីរងការឡោមព័ទ្ធមួយនេះ បាននិយាយថាបានសម្លាប់មនុស្សប្រហែល៣ម៉ឺននាក់។
អ៊ីស្រាអែលបានរិះគន់ជាសាធារណៈចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំបែបនេះ ហើយនិយាយថាការបញ្ឈប់ការប្រយុទ្ធណាមួយនឹងមានលក្ខណៈបណ្តោះអាសន្ន ខណៈខ្លួនមានបំណងកម្ទេចក្រុមហាម៉ាស ។
យោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាបានសម្លាប់មនុស្សប្រហែល១.២០០នាក់ ហើយក្រុមសកម្មប្រយុទ្ធនេះ ក៏បានចាប់មនុស្ស ចំនួន២៥៣នាក់ជាចំណាប់ខ្មាំងផងដែរ ទោះជាង១០០ នាក់ក្នុងចំណោមពួកគេត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់រយៈពេលខ្លីកាលពីខែវិច្ឆិកាក៏ដោយ៕


