រុស្ស៊ី ៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងនានាទូទាំងសហភាពអឺរ៉ុប ដើម្បីរំឭកដល់រយៈពេល២ឆ្នាំ ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន។
យោងតាមកងកម្លាំងនគរបាលក្នុងស្រុក មនុស្សប្រមាណជាង៣ពាន់នាក់ បានចេញតវ៉ាជាការប្រមូលផ្ដុំបង្ហាញសាមគ្គីភាពនៅសំណង់ប្រវត្តិសាស្ត្រ Brandenburg Gate ក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្ដាហ៍នេះ។
អ្នកចូលរួមជាច្រើននៅក្នុងការជួបជុំគ្នា បានកាន់ទង់ជាតិអ៊ុយក្រែន។ អ្នកផ្សេងទៀតបានចែករំលែកទស្សនៈរបស់ពួកគេចំពោះសង្រ្គាមនេះជាមួយនឹងពាក្យស្លោកនៅលើបដា និងផ្ទាំងបដាដែលអានថា "រុស្ស៊ីតែងតែកុហក" ឬ "បិសាចនៅក្នុងវិមានក្រឹមឡាំង"។ ប្រជាពលរដ្ឋក៏បានស្រែកពាក្យស្លោកដូចជា “រុស្ស៊ីជារដ្ឋភេរវករ”ផងដែរ។
មនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នានៅទូទាំងចក្រភពអង់គ្លេស ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងសង្គ្រាមពីរឆ្នាំចុងក្រោយនេះ។
ពិធីបុណ្យរំលឹកខួបនៅទីក្រុងឡុងដ៍្របានចាប់ផ្តើមអមដោយពិធីបួងសួងនៅវិហារកាតូលិករបស់អ៊ុយក្រែននៅទីក្រុង ម៉េហ្វ៊ែរ (Mayfair) ។
ទន្ទឹមនឹងនេះ នៅទីក្រុង ដាប្លីន(Dublin)មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួនទូទាំងទីក្រុង។ លោក មីឈែល ម៉ាទីន (Micheal Martin) ឧបនាយករដ្ឋមន្ត្រីអៀរឡង់ បាននិយាយថា អៀរឡង់ គាំទ្រអ៊ុយក្រែន ដោយមិនងាករេឡើយ។
មិនខុសពីបណ្ដាប្រទេសនៅអឺរ៉ុប ប្រជាជនក្រិកប្រមាណ៥០០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងអាតែន កាលពីចុងសប្ដាហ៍នេះ ដើម្បីបង្ហាញការគាំទ្រប្រទេសអ៊ុយក្រែនថ្ងៃខួប២ឆ្នាំនៃការវាយលុកដោយយោធារបស់រុស្ស៊ី ៕

