កាលពីចុងសប្ដាហ៍នេះ ក្រុមប្រជាកសិករឥណ្ឌា បានប្រារព្ធពិធីអុជទានមួយដើម្បីបង្ហាញការប្រឆាំងចំពោះរដ្ឋាភិបាលសហព័ន្ធ នៅតាមព្រំដែនរដ្ឋ ពុនចាប និងរដ្ឋហារីយ៉ាណា(Punjab-Haryana) និងបានសន្យាបន្តការតវ៉ារបស់ពួកគេ លុះត្រាតែការទាមទាររបស់ខ្លួនត្រូវបានបំពេញ។
ក្រុមប្រជាកសិករបានដង្ហែរក្បួនអុជទានដើម្បីរំឭកដល់ការស្លាប់របស់អ្នកតវ៉ាវ័យក្មេងម្នាក់ ឈ្មោះ សាប់ខារ៉ាន ស៊ីញ (Shubhkaran Singh) ដែលបានស្លាប់អំឡុងការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមកសិករដែលកំពុងតវ៉ា និងកងកម្លាំងសន្តិសុខ។
ដោយលើកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល ក្បួននេះត្រូវបានធ្វើឡើងទាំងនៅព្រំដែន តំបន់សាមប៊ូ (Shambhu) និងខាណារី(Khanauri) នៅក្នុងរដ្ឋជិតខាងរបស់រដ្ឋធានីនៃប្រទេសឥណ្ឌា។
ក្រុមប្រជាកសិករកំពុងតវ៉ា ដែលភាគច្រើនជាអ្នកកាន់សាសនាស៊ីក មកពីរដ្ឋពុនចាប ភាគខាងជើង កំពុងទាមទារឲ្យរដ្ឋាភិបាលដំឡើងថ្លៃផលិតផលកសិកម្មរបស់ពួកគេ ។
ពួកគេបានចាប់ផ្ដើមក្បួនដង្ហែរដែលមានឈ្មោះថា ទៅកាន់រដ្ឋធានី New Delhi កាលពីដើមខែនេះ ដើម្បីបង្ខំឲ្យរដ្ឋាភិបាលបំពេញតាមការទាមទាររបស់ពួកគេលើការធានាតម្លៃជាមូលដ្ឋាននៃដំណាំ និងផលិតផលកសិកម្មផ្សេងទៀត។
យ៉ាងណាក៏ដោយ នគរបាល បានបញ្ឈប់ក្បួននេះប្រមាណ២០០គីឡូម៉ែត្រពីរដ្ឋធានី ដោយប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក៕

