ឥណ្ឌា ៖ ក្រុមមន្ត្រីបាននិយាយថា មនុស្ស២២នាក់ បានស្លាប់ និង១០នាក់រងរបួស ក្នុងនោះមួយចំនួនមានរបួសធ្ងន់ បន្ទាប់ពីត្រាក់ទ័រសណ្ដោងមួយគ្រឿង បានក្រឡាប់ ធ្លាក់ចូលក្នុងបឹងមួយកាលពីចុងសប្ដាហ៍នេះ នៅក្នុងរដ្ឋឧតាប្រទេស (Uttar Pradesh) ភាគខាងជើងរបស់ប្រទេសឥណ្ឌា។
គ្រោះថ្នាក់នេះ បានកើតឡើងនៅក្នុងតំបន់ផាទីយ៉ាលី (Patiyali)នៃស្រុក កាស កានច៍(Kasganj) ស្ថិតនៅចម្ងាយប្រហែល២៦៦គីឡូម៉ែត្រភាគពាយ័ព្យរបស់ទីក្រុង ឡាក់ណាវ (Lucknow)របស់ខេត្តឧតាប្រទេស។
លោក រ៉ាជីវ អាក្រាវ៉ាល(Rajiv Agrawal)ប្រធានការិយាល័យវេជ្ជសាស្ត្រ ស្រុក កាសកានស៍ បានប្រាប់សារព័ត៌មានថា មានអ្នកស្លាប់២២នាក់ ត្រូវបានយកចេញពីកន្លែងកើតហេតុ ហើយអ្នករបួស ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នា។
យោងតាមនគរបាល ឧបទ្ទវហេតុនោះបានកើតឡើងខណៈជនរងគ្រោះធ្វើដំណើរទៅកាន់ស្រុក កាស កានច៍ ដើម្បីងូតទឹកពិសិដ្ឋក្នុងទន្លេគង្គារ។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បាននិយាយថា ត្រាក់ទ័រសណ្ដោងមួយគ្រឿងបានក្រឡាប់ ធ្លាក់ចូលក្នុងបឹងមួយនៅតាមផ្លូវផាទីយ៉ាលី -ដារីយ៉ាវកានស៍ ក្នុងតំបន់ផាទីយ៉ាលី ៕

