អាមេរិក ៖ លោក Donald Trump បានយកឈ្នះលើលោកស្រី នីគីហាលី (Nikki Haley) នៅក្នុងរដ្ឋ សោត ខារ៉ូឡាយណា (South Carolina) ជារដ្ឋកំណើតរបស់លោកស្រី ដែលជាការដើរថយក្រោយដ៏ក្រៀមក្រំ សម្រាប់លោកស្រី ក្នុងការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី។
សារព័ត៌មាន AP បានហៅការបោះឆ្នោតបឋមនៅរដ្ឋ South Carolina សម្រាប់លោក Trump នៅពេលការិយាល័យបោះឆ្នោតបានបិទនៅម៉ោង ៧ យប់ម៉ោងក្នុងសហរដ្ឋអាមេរិក ថាជាការបង្ហាញយ៉ាងច្បាស់អំពីជ័យជម្នះដ៏ធំរបស់លោកនៅក្នុងរដ្ឋកំណើតរបស់លោកស្រីហាលី។ លោកTrump ទទួលបានការគាំទ្រក្នុងការបោះឆ្នោតប្រហែល ៦០% ដោយលោកស្រីហាលី ទទួលបានសំឡេងគាំទ្រប្រហែល៤០%ប៉ុណ្ណោះ ។
លោក Trump បានប្រាប់ក្រុមអ្នកគាំទ្រនៅក្នុងពិធីអបអរជ័យជម្នះរបស់លោកក្នុងទីក្រុងកូឡុំប៊ី (Columbia) ថា ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំមិនដែលឃើញគណបក្សសាធារណរដ្ឋរួបរួមគ្នាដូចពេលនេះទេ ។ នេះជារាត្រីដ៏អស្ចារ្យ។
នេះជាការប្រកួតប្រជែងដើម្បីទទួលបានការតែងតាំងបេក្ខជនប្រធានាធិបតីលើកទី៥របស់គណបក្សសាធរណរដ្ឋក្នុងយុទ្ធនាការមួយ ដែលលោក Trump បានទទួលជ័យជម្នះ ទោះបីជាលោកកំពុងប្រឈមករណីចោទប្រកាន់បទព្រហ្មទណ្ឌរាប់សិបរឿងក៏ដោយ។
ជ័យជម្នះដ៏ធំនេះ នឹងបង្កើនការអំពាវនាវកាន់កាន់ខ្លាំងពីក្រុមសម្ព័ន្ធមិត្តរបស់លោក Trump ថា គូប្រជែងចុងក្រោយរបស់លោក គឺលោកស្រីហាលី គួរតែបោះបង់ចោលការប្រកួតប្រជែងនេះ៕


