លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែនចំនួន៣១.០០០នាក់ បានស្លាប់ អំឡុងការវាយលុកពេញបន្ទុករបស់រុស្ស៊ី។
លោកប្រធានាធិបតីរូបនេះ លើកឡើងថា លោកនឹងមិនផ្ដល់ចំនួនទាហានរងរបួសទេ ព្រោះនឹងជួយដល់ផែនការយោធារបស់រុស្ស៊ី ។

តាមធម្មតា ក្រុមមន្ត្រីអ៊ុយក្រែន មិនដែលបង្ហាញទិន្នន័យអ្នកស្លាប់ឬរបួសជាសាធារណៈទេ ហើយ មានការប៉ាន់ប្រមាណផ្សេងទៀតថា ចំនួនអាចមានច្រើនជាងនេះ។
ការបង្ហាញទិន្នន័យកងទ័ពបាត់បង់ជីវិតនៅសមរភូមិនេះ បានកើតមានឡើង បន្ទាប់ពីមន្ត្រីការពារជាតិបាននិយាយថា ជំនួយលោកខាងលិចទាំងអស់សម្រាប់អ៊ុយក្រែន ត្រូវបានពន្យាពេល ដែលនាំឲ្យមានការបាត់បង់ជីវិត និងទឹកដី។

លោក Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងផ្ដល់ចំនួនអ្នកស្លាប់ឆ្លើយតបទៅនឹងទិន្នន័យបំប៉ោងដែលប្រទេសរុស្ស៊ី បានដកស្រង់មកនិយាយ។
លោកបានបញ្ជាក់ថា ទាហានចំនួន៣១.០០០នាក់ បានស្លាប់ នៅក្នុងសង្រ្គាមនេះ មិនមែន៣០ម៉ឺននាក់ ឬ១៥ម៉ឺននាក់ទេ ឬដូចអ្វីដែលលោក Putinកំពុងកុហកនោះឡើយ។ ប៉ុន្តែការបាត់បង់នីមួយៗ គឺជាការខាតបង់ធំបំផុតសម្រាប់យើង។

ថ្លែងពីការបាត់បង់ដ៏ធំធេងក្នុងសង្រ្គាមនេះ លោក Zelensky បាននិយាយថាជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ក្នុងតំបន់ជាច្រើនគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែចំនួនពិតប្រាកដមិនត្រូវបានគេដឹងទេ។
ក្រុមមន្ត្រីអាមេរិកកាលពីខែសីហា បានដាក់ចំនួនទាហានអ៊ុយក្រែនស្លាប់ ៧ម៉ឺននាក់ និងប្រហែល១២០.០០០នាក់ រងរបួស។ ចំពោះការបាត់បង់របស់រុស្ស៊ី វិញ លោក Zelensky បាននិយាយថា ទាហានរុស្ស៊ីចំនួន១៨០.០០០នាក់ បានស្លាប់ និងរាប់ម៉ឺននាក់បានរងរបួស៕