រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈថា ការដឹកជញ្ជូនអាវុធពីសំណាក់លោកខាងលិចចំនួន៥០% ពុំបានមកដល់ទាន់ពេលវេលាទេ ។

ថ្លែងនៅសន្និសីទដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងទីក្រុងគីវ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រ៉ូស្តឹម អ៊ូម៉េរ៉ូវ (Rustem Umerov) បាននិយាយថា ដោយសារតែស្ថានភាពតែងតែយ៉ាប់យ៉ឺននៅពេលនេះ ការប្ដេជ្ញាពុំបានដើរទន្ទឹមនឹងការដឹកជញ្ជូនអាវុធនោះទេ ។ការប្ដេជ្ញាផ្ដល់អាវុធចំនួន៥០%មិនត្រូវបានផ្ដល់មកឲ្យអ៊ុយក្រែនទាន់ពេលវេលានោះទេ។

លោកបានបន្ថែមថា ដូច្នេះមានន័យថាមិនមានសមាមាត្រនៃសង្រ្គាមទេ យើងងាកទៅមើលសត្រូវវិញ សេដ្ឋកិច្ចរបស់ពួកគេជិត២សែនកោដិ។
ពួកគេបានប្រើប្រាស់កញ្ចប់ថវិកាផ្លូវការ និងក្រៅផ្លូវការចំនួន១៥%សម្រាប់សង្គ្រាម ដែលស្មើជាង១៥០ពាន់លាន ។ដូចនេះ បើការដឹកជញ្ជូនអាវុធមកឲ្យអ៊ុយក្រែនមិនទាន់ពេល យើងនឹងបាត់បង់ជីវិតមនុស្ស ហើយយើងក៏នឹងបាត់បង់ទឹកដីផងដែរ។

ខណៈជម្លោះបានឈានចូលដល់ឆ្នាំទី៣ យោធាអ៊ុយក្រែន កំពុងព្យាយាមទប់ទល់ការវាយសន្ធាប់របស់កងកម្លាំងរុស្ស៊ី នៅតាមសមរភូមិមុខដ៏តឹងតែង។
យោធានៅក្នុងភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែនកំពុងអស់អាវុធ និងកម្លាំងទ័ព ហើយប្រទេសរុស្ស៊ី បានដណ្ដើមទីក្រុងដ៏សំខាន់មួយ លើកដំបូងកាលពីថ្មីៗនេះ ក្នុងការវាយប្រយុទ្ធគ្នាជិត១ឆ្នាំចុងក្រោយនេះ។
អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ មានរយៈពេល១០ឆ្នាំជាមួយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីការពារខ្លួនទល់នឹងការវាយប្រហារពីរុស្ស៊ី ។កិច្ចព្រមព្រៀងសន្តិសុខនេះ បានសន្យាបន្តផ្គត់ផ្គង់ជំនួយយោធា និងសន្តិសុខ ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋានឧស្សាហកម្មការពារជាតិអ៊ុយក្រែន ការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ការចែករំលែកព័ត៌មានចារកម្ម និងកិច្ចសហប្រតិបត្តិការសម្រាប់ការពារការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា៕