ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលអះអាងថា អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅកាន់តែគាំទ្ររូបលោក បន្ទាប់ពីការចោទប្រកាន់ជាច្រើនរបស់ខ្លួនលើបទចោទព្រហ្មទណ្ឌ បានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ពីគូប្រជែងគណបក្សសាធារណរដ្ឋសម្រាប់ការតែងតាំងតំណែងបេក្ខជនប្រធានាធិបតី សកម្មជនសិទ្ធិមនុស្ស និងអ្នកដទៃទៀត។

លោក ត្រាំ កាលពីថ្ងៃសុក្រ (២៣ កុម្ភៈ) មុនពេលការបោះឆ្នោតបឋមនៅរដ្ឋសៅ ខារ៉ូឡាញណា(South Carolina) ដែលលោកបានទទួលជ័យជម្នះ បានប្រដូចការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ ករណីរបស់ខ្លួននៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួនដាច់ដោយឡែកពីគ្នា ទៅនឹងការរើសអើងដែលប្រឈមមុខដោយជនជាតិអាមេរិកស្បែកខ្មៅ។

លោកប្រធានាធិបតី ចូ បៃដិន បានប្រតិកម្មទៅនឹងការលើកឡើងនោះថា «ការអះអាងរបស់លោក ត្រាំ ដែលថាជនជាតិអាមេរិកស្បែកខ្មៅនឹងគាំទ្រលោកដោយសារតែបទចោទព្រហ្មទណ្ឌរបស់ខ្លួននោះគឺជាការប្រមាថយ៉ាងខ្លាំង»។ អតីតអភិបាលរដ្ឋ សៅ ខារ៉ូឡាញណា លោកស្រី នីកគី ហាលី បាននិយាយថា «ការលើកឡើងនោះជារឿងគួរឱ្យស្អប់ខ្ពើម»។
បញ្ហាប្រឈមផ្លូវច្បាប់របស់លោក ត្រាំ រួមទាំងបទចោទប្រកាន់សហព័ន្ធលើកិច្ចខិតខំប្រឹងប្រែងព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងការមិនប្រគល់ឯកសារសម្ងាត់ ក្នុងចំណោមការចោទប្រកាន់របស់រដ្ឋ និងបណ្តឹងរដ្ឋប្បវេណីផ្សេងទៀត មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីវិសមភាពជាប្រវត្តិសាស្ត្រដែលជនជាតិអាមេរិកស្បែកខ្មៅបានជួបប្រទះនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ៕