កំពត៖ នាព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកដំណើរ និងអ្នកភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ បានប្រទះឃើញសត្វប្រើសមួយក្បាលរត់ចុះឡើង ចូលក្នុងដីឡូត៍ទុកនៅទំនេរមួយកន្លែង បង្កការភ្ញាក់ផ្អើល។
ជាមួយនឹងវត្តមានសត្វព្រៃចូលស្រុកនេះ ប្រជាពលរដ្ឋ បានអំពាវនាវដល់អ្នកផងនានាកុំចាប់យក ឬធ្វើបាបសត្វប្រើស១ក្បាលនេះ។ អ្នកភូមិក៏បានស្នើសុំដល់មន្ត្រីជំនាញជួយចុះអន្តរាគមន៍ដើម្បីនាំយកសត្វប្រើសនោះទៅលែងក្នុងព្រៃវិញ។
ទាក់ទិនបញ្ហាខាងលើ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន លោកក៏បានចុះដល់ទីតាំង និងពិនិត្យដឹងថា នោះជាសត្វប្រើឈ្មោលចុះមកពីតំបន់ភ្នំបូកគោ។ ដោយសារជារដូវក្តៅខ្វះទឹកផឹក ហើយប្រើសនេះ ឡើងកត្រូវការរកញីផងទើបរត់ចុះរហូតដល់ឃុំកំពង់គ្រែងដែលអ្នកភូមិបានប្រទះឃើញនោះ។
លោកនាយខណ្ឌបានបន្តថា ព្រោះតែក្តីព្រួយអំពីហេតុការណ៍មិនល្អណាមួយកើតឡើង លោកបានទំនាក់ទំនងជាមួយអាជ្ញាធរស្រុកទឹកឈូដោយស្នើសុំកម្លាំងរបស់អធិការដ្ឋាន ពិសេសនគរបាលប៉ុស្តិ៍មូលដ្ឋានជួយការពារដ្បិតដីឡូត៍នោះមានរបងបាំងតែ៣ជ្រុងប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកបានទំនាក់ទំនងជាមួយខាងឧទ្យានុរក្សភ្នំតាម៉ៅរួចហើយ ដើម្បីឱ្យមន្ត្រីជំនាញមកបាញ់ថ្នាំសន្លប់នាំយកទៅលែងទីនោះនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ៕


