នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) បាននិយាយថាលោកមិនទាន់ច្បាស់នៅឡើយទេថាតើកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី អាចនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សាដែលកំពុងបន្ត ឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាពីចំណុចជាក់លាក់ ប៉ុន្តែបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ចាំបាច់ត្រូវ «ផ្ដល់លក្ខខណ្ឌក្នុងស្ថានភាពសមហេតុផល»។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS ថា លោកនឹងជួបក្រុមមន្រ្តីរបស់ខ្លួនដើម្បីពិនិត្យមើលផែនការយោធាចំនួនពីរដែលរួមបញ្ចូលការជម្លៀសជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា និងប្រតិបត្តិការដើម្បីបំផ្លាញកងវរសេនាតូចក្រុមហាម៉ាសដែលនៅសេសសល់។

លោកបានបន្ថែមថា «ប្រសិនបើយើងមានកិច្ចព្រមព្រៀងថ្មី ផែនការយោធានេះនឹងមានការពន្យារពេលបន្តិច ប៉ុន្តែវានឹងកើតឡើង។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ យើងនឹងចាប់ផ្ដើមផែនការយោធានេះ»។
ការចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរជាច្រើនសប្តាហ៍មិនទទួលបានលទ្ធផលជោគជ័យទេ ដោយអ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការបញ្ឈប់សង្គ្រាម និងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដោយនិយាយថាការទាមទារនោះជារឿងហួសហេតុ៕