ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) ថាប្រទេសរុស្ស៊ី កំពុងរៀបចំការវាយលុកថ្មីមួយប្រឆាំងនឹងអ៊ុយក្រែន ដែលចាប់ផ្តើមនៅចុងខែឧសភា ឬរដូវក្តៅ ប៉ុន្តែទីក្រុងគីវ ក៏មានផែនការសមរភូមិច្បាស់លាស់មួយរបស់ខ្លួនប្រឆាំងទល់នឹងរុស្ស៊ីវិញផងដែរ។

ថ្លែងរយៈពេលមួយថ្ងៃបន្ទាប់ពីខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន លោក ហ៊្សេឡិនស្គី បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក្នុងការរក្សាការរួបរួម និងបានរំលឹកឡើងវិញថា ជ័យជំនះរបស់អ៊ុយក្រែន គឺអាស្រ័យលើការបន្តគាំទ្ររបស់លោកខាងលិច។

លោក ហ៊្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគីវថា «យើងនឹងត្រៀមខ្លួនសម្រាប់ការវាយលុករបស់រុស្ស៊ី ហើយកងទ័ពក៏នឹងរៀបចំផែនការវាយបកទៅវិញដែរ»។
រយៈពេលពីរឆ្នាំនៅក្នុងសង្រ្គាម កងទ័ពរបស់ទីក្រុងមូស្គូ បានបន្តវាយលុកនៅតាមបណ្តោយសមរភូមិជួរមុខចម្ងាយ ៩៦០ គីឡូម៉ែត្រនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ហើយបញ្ហាជាច្រើនបានប្រមូលផ្តុំលើអ៊ុយក្រែនរាប់ចាប់ពីកង្វះគ្រាប់កាំភ្លើងធំ និងតម្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ រហូតដល់ការខ្វះខាតកងទ័ពថ្មីជាដើម៕