មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) ថាអ៊ុយក្រែន និងបណ្ដាដៃគូបរទេសរបស់ខ្លួនអាចនឹងអញ្ជើញរុស្ស៊ី ឱ្យចូលរួមកិច្ចប្រជុំសន្តិភាពនាពេលអនាគត ដើម្បីពិភាក្សាអំពីការបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូ រយៈពេលពីរឆ្នាំលើរបបរបស់ទីក្រុងគីវ។

លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់លោកប្រធានាធិបតី ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភាក្សាអំពីចក្ខុវិស័យសម្រាប់សន្តិភាពដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) ដែលផែនការនេះអាចត្រូវបានប្រគល់ឱ្យរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំលើកទីពីរនៅពេលក្រោយ។

លោ ហ៊្សេឡិនស្គី ធ្លាប់បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ ។ ផែនការនោះអំពាវនាវឱ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដកទ័ពរុស្ស៊ីទាំងស្រុង។

រដ្ឋធានីគីវ ប្រកាន់ខ្ជាប់ថាខ្លួននឹងមិនពិភាក្សាជាមួយទីក្រុងមូស្គូ ទេរហូតទាល់តែទាហានរុស្ស៊ី ទាំងអស់បានចាកចេញពីទឹកដីអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា មិនមានមូលដ្ឋានបច្ចុប្បន្នសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ហើយថាផែនការសន្តិភាពរបស់ទីក្រុងគីវ គឺមិនទំនងទាល់តែសោះ ព្រោះមិនបានរាប់បញ្ចូលរុស្ស៊ី៕