បណ្តាគណបក្សនយោបាយនានា ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតប្រកាសអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។
តាមរយៈលិខិតរបស់គណបក្សនយោបាយនានា ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងស្រដៀងគ្នាថា «ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលប់នេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះ មុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាព ជូនប្រទេសជាតិឲ្យបានជានិរន្តរ៍ផងដែរ»។
សូមបញ្ជាក់ថាលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេងស្មើនឹង៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបានសំឡេង ១,៣៩៤សំឡេង ស្មើនឹង៣អាសនៈ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីល្ងាចម្សិលមិញនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត១,៣៩៤សំឡេងទទួលបានអាសនៈចំនួន៣អាសនៈ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕ អត្ថបទ ៖ បាន ចក់








