ក្រុមអ្នកបះបោរប៉ូឡូញ បានបំផ្លិចបំផ្លាញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន ១៦០តោន កាលពីថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិចចុងក្រោយបង្អស់នៅក្នុងជម្លោះឆ្លងព្រំដែនដ៏ជូរចត់កាន់តែខ្លាំងឡើងលើការនាំចេញ កសិផល។

វីដេអូ និងរូបភាពតាមអ៊ីនធឺណិតជាច្រើន បានបង្ហាញពីគ្រាប់ពោតចំនួន៨ទូរថភ្លើង ដែលកំពប់ទៅលើផ្លូវរថភ្លើងក្បែរភូមិ Kotomierz ភាគខាងជើងប្រទេសប៉ូឡូញ ដោយជំរុញឲ្យឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្កោលទោសវា ជាទង្វើនៃ«និទណ្ឌភាពនិងការទទួលមិនទទួលខុសត្រូវ»។

លោក Oleksandr Kubrakov ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitterថា៖«រូបភាពទាំងនេះ បង្ហាញពីគ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន១៦០តោនដែលត្រូវបានបំផ្លាញ។ គ្រាប់ធញ្ញជាតិទាំងនេះ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Gdansk ហើយបន្ទាប់មកទៅកាន់ប្រទេសផ្សេងទៀត»។

«នេះគឺជាករណីទី៤នៃការបំផ្លិចបំផ្លាញនៅស្ថានីយរថភ្លើងប៉ូឡូញ និងជាករណីទី៤នៃនិទណ្ឌភាព និងការមិនទទួលខុសត្រូវ»។
នៅល្ងាចថ្ងៃអាទិត្យ លោកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានព្រមានថា៖«ប្រសិនបើជំហាន ដើម្បីដោះស្រាយបញ្ហាជាមួយប៉ូឡូញនៅព្រំដែន មិនត្រូវបានរកឃើញទេនោះ យើងនឹងការពារអាជីវកម្មរបស់យើង»។
ឧប្បត្តិហេតុពីមុនៗនៃគ្រាប់ធញ្ញជាតិដែលបានកំពប់ចេញពីរថភ្លើង បានកើតឡើង នៅព្រំដែនប៉ូឡូញជាមួយអ៊ុយក្រែន។